ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ជាលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារពិសេសផ្ញើជូនជនរួមជាតិដោយក្នុងនោះ សម្តេចបានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ នៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌។
នៅក្នុងសារលិខិតពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖
បងប្អូនជនរួមជាតិជាទីស្នេហា! យើងពិតជាមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្មរបស់ប្រជាជនដែលបង្កឡើងដោយបនប្រល័យពូជសាសន៍ប៉ុល ពត ដែលបានចូលមកកាន់អំណាចចាប់ពីថ្ងៃ ១៧មេសា ឆ្នាំ១៩៧៥។ នៅក្រោមរបបដ៏យង់ឃ្នងនេះ ប្រជាជនកម្ពុជាត្រូវបាត់បង់ទាំងស្រុង នូវសិទ្ធិសេរីភាពរបស់ខ្លួន ត្រូវបង្ខំឱ្យធ្វើការដូចសត្វធាតុ ត្រូវទទួលរងទារុណកម្ម និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត, ជាមួយគ្នានេះ រចនាសម្ព័ន្ធ សង្គមជាតិត្រូវបំផ្លាញឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់ ដែលបានរុញច្រានឱ្យប្រជាជាតិទាំងមូលឈានដល់មាត់រណ្ដៅនៃការរលាយសូន្យ នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូ រំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ លើមូលដ្ឋាននៃជ័យជម្នះនេះ សាធារណរដ្ឋប្រជាមានិតកម្ពុជាក៏ត្រូវបានបង្កើតឡើងដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនពិតប្រាកដ។
ឆ្លងតាមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា និងការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការវាយរំលំរបបដ៏យង់ឃ្នងនេះ។ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ស្តារ និងកសាងមាតុភូមិឡើងវិញជាជំហានៗពីគំនរផេះផង់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទនភាព ហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ គួររំឭកថា ក្នុងឆន្ទៈយ៉ាងមោះមុត យើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ ធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ មានលទ្ធិប្រជាធិបតេយ្យដែលចាក់ឫសជ្រៅក្នុងសង្គម និងមានសេដ្ឋកិច្ចចម្រើនលូតលាស់យ៉ាងលឿន ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង។ នេះជាការផ្លាស់ប្តូរយ៉ាងធំធេងរបស់កម្ពុជា អាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។
ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។ ពេលនេះយើងបាន ឈានចូលឆ្នាំ ២០២៦ ដែលជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារប្រជាជន និងបូរណភាពទឹកដី។
បងប្អូនជនរួមជាតិជាទីស្នេហា ទន្ទឹមនឹងការសម្រេចបានជោគជ័យនានា ប្រទេសជាតិយើងនៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពលមកលើដំណើរវិវឌ្ឍន៍ របស់ជាតិយើង។ ជាពិសេសប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោល មកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។
នៅក្នុងសកម្មភាពរំលោភបំពាននេះ កងយោធាថៃបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យរបស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ។ សកម្មភាពបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ។ ម្យ៉ាងទៀត សកម្មភាពបែបនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌ ពិភពលោក។
ឆ្លើយតបនឹងអំពើរំលោភបំពាននេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងរឹងមាំ។ ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីតាមគ្រប់យន្តការ និងស្របតាមច្បាប់អន្តរជាតិ ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ។
ប៉ុន្តែភាគីថៃបានពង្រីកសកម្មភាពវាយប្រហារកាន់តែធំឡើង ដោយមិនអនុវត្តនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួនេះឡើយដែលធ្វើឱ្យសភាពការណ៍កាន់តែមានសភាពធ្ងន់ធ្ងរ និងមហន្តរាយឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ស្ថិតក្នុងស្ថានការណ៍នេះ សហគមន៍អន្តរជាតិដែលតែងតែផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព មនុស្សធម៌ នីតិរដ្ឋ និងវិបុលភាពនោះ បានជំរុញយ៉ាងសកម្មដល់ការខិតខំដោះស្រាយជម្លោះ និងការកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញ អាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការជំរុញអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។
ក្រោយការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ កម្ពុជា និងថៃ បានឯកភាពអនុវត្តបទឈប់បាញ់ភ្លាមនៅនឹងកន្លែង ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ តទៅ។ ការឯកភាពគ្នានេះ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបញ្ជាក់នូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈ និងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត និងការស្ដារប្រក្រតីភាពឡើងវិញ និងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន។
កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំ ដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួនគឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាពដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្ដីថ្លៃថ្នូររបស់ខ្លួនឡើយ។ ក្នុងស្មារតីនេះ កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដើម្បីនាំយកមកវិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
កម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគ្រប់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ានក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដែលបានជួយជ្រោមជ្រែង និងចូលរួមសកម្មក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនេះ តាំងពីការរៀបចំបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន។
បងប្អូនជនរួមជាតិជាទីស្នេហា! នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយដែលអ្នករំលោភបំពានបានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង។
ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្តីរំភើបឥតឧបមាដែលបានឃើញ ការចូលរួមដ៏ផុលផុសរបស់បងប្អូនជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេសក្នុងការផ្ដល់ការគាំទ្រពេញទំហឹងទាំងខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅយ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានា។ នេះជាស្មារតីសាមគ្គី ឯកភាពជាតិ និងជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ៕
ដោយ៖តារា










