សម្តេចតេជោ៖​ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភា។

សាររបស់ ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា, សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ កម្ពុជា និងថៃ បានឯកភាពអនុវត្តបទឈប់បាញ់ភ្លាម នៅនឹងកន្លែង ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ តទៅ។ ការឯកភាពគ្នានេះ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជា ណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបញ្ជាក់នូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈនិងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់ អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាង មុតមាំចំពោះការកសាងទំនុកចិត្ត និងការស្តារប្រក្រតីភាពឡើងវិញ និងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

សម្ដេចតេជោ គូសបញ្ជាក់ថា «កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល, ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬ សេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ»។

សម្ដេចតេជោ បន្ដថា ក្នុងស្មារតីនេះ កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដើម្បីនាំយកមក វិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ កម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគ្រប់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជា ពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ានក្រោមការសម្របសម្រួលរបស់ ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដែលបានជួយជ្រោមជ្រែង និងចូលរួមសកម្មក្នុងការស្វែងរកដំណោះ ស្រាយសន្តិភាពនេះ តាំងពីការរៀបចំបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិយើង។ សម្ដេច មានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏ មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គធំប៉ុណ្ណាឡើយ។

...

សម្ដេចតេជោ​ បានគូសបញ្ជាក់ទៀត​ថា «យើងចងចាំប្រវត្តិសាស្ត្រ នេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយដែលអ្នក រំលោភបំពានបានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print