ទូកល្បឿនលឿនជាង២០គ្រឿងត្រូវបានភ្លើងឆេះក្នុងគ្រោះអគ្គិភ័យនៅកំពង់ផែនៅប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ៖ កំពង់ផែChalongនៅPhuketប្រទេសថៃ ត្រូវបានភ្លើងឆេះនៅមុនពេលថ្ងៃរះ ថ្ងៃទី០៧ខែមករាឆ្នាំ២០២៦នេះ ដោយបានបំផ្លាញទូកល្បឿនលឿនចំនួនជាង២០គ្រឿង។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានថៃThe Nation នៅថ្ងៃទី០៧ខែមករាឆ្នាំ២០២៦។ រដ្ឋបាលខេត្តបានបញ្ជាឱ្យស៊ើបអង្កេតរកមូលហេតុ ដែលបណ្តាលឱ្យមានអគ្គិភ័យកើតឡើង និងវិធានការបន្ទាន់ដើម្បីការពារប្រេង ពីការរីករាលដាលចូលទៅក្នុងសមុទ្រ។

មន្ត្រីបានខិតខំទប់ស្កាត់អណ្តាតភ្លើងដោយការបាញ់ទឹក និងកាត់ខ្សែចងដើម្បីញែកទូកឱ្យឆ្ងាយពីគ្នាតាមដែលអាចធ្វើទៅបាន ដើម្បីការពារភ្លើងកុំឱ្យឆេះរាលដាលបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការនេះមិនប្រព្រឹត្តទៅដោយរលូនឡើយ ដោយសារទឹកសមុទ្រនាចស្រកចុះខ្លាំង ធ្វើឱ្យទូកកឿងជាប់ច្រាំងពិបាកបម្លាស់ទី ដូច្នេះភ្លើងមិនអាចគ្រប់គ្រងបានភ្លាមៗនោះទេ។ ក្រោយមកនៅព្រឹកថ្ងៃដដែល ទឹកសមុទ្រជោរឡើងវិញ ទើបគេអាចចាប់ផ្តើមផ្លាស់ទីទូកបានងាយស្រួល។

យោងតាមព័ត៌មានបឋមពីសាក្សីនិងមន្រ្តីមួយចំនួនបានបង្ហាញថា ការផ្ទុះនិងអគ្គិភ័យបានលេចចេញដំបូងពីទូកល្បឿនលឿនមួយគ្រឿង បន្ទាប់មកខ្យល់សមុទ្របានបក់បោកយករងើកភ្លើងដែលកំពុងឆេះទៅពង្រាយដល់ទូកផ្សេងទៀតដែលចតនៅក្បែរនោះ បណ្តាលឱ្យអណ្តាតភ្លើងរាលដាលយ៉ាងឆាប់រហ័ស។ អណ្តាតភ្លើងរាលដាលយ៉ាងឆាប់រហ័សនិងសន្ធោសន្ធៅខ្លាំងឡើង ដោយសារតែទូកជាច្រើនគ្រឿងផ្ទុកប្រេងពេញៗ ព្រោះពួកវាត្រូវបានរៀបចំ ដើម្បីនាំអ្នកទេសចរជិះលេងកម្សាន្តទៅកាន់កោះក្បែរៗនោះ។

យោងតាមការវាយតម្លៃដំបូងបានបង្ហាញថា ទូកល្បឿនលឿនជាង២០គ្រឿងបានខូចខាត។ ម្ចាស់ទូកម្នាក់បាននិយាយថា ទូកល្បឿនលឿនរបស់លោកចំនួន៣គ្រឿងត្រូវបានភ្លើងឆេះ ហើយទូកមួយគ្រឿងៗមានតម្លៃ៥លានបាត ឬប្រហែលជាង១៦ម៉ឺនដុល្លារអាមេរិក។ ដោយសារតែគ្រោះអគ្គិភ័យដ៏អាក្រក់នេះ ទូកដែលមានតម្លៃរាប់ម៉ឺនដុល្លារបានខូចខាត ហើយសេវាទេសចរណ៍ដ៏ពេញនិយមមួយនេះ ត្រូវបានលុបចោលបណ្តោះអាសន្ន ដែលធ្វើឱ្យមានការខាតបង់ ៕

...

ប្រភព ៖ (VAYO )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print