វ៉េណេស៊ុយអេឡា នឹងនាំចេញប្រេងមានតម្លៃ ២ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក តាមកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

រដ្ឋាភិបាលក្រុងការ៉ាកាស និងវ៉ាស៊ីនតោន បាន ឈានដល់កិច្ចព្រមព្រៀង មួយ ក្នុងការនាំចេញប្រេងឆៅរបស់វេណេស៊ុយអេឡា ទៅសហរដ្ឋអាមេរិក ក្នុងតម្លៃអតិបរមារហូតដល់ 2 ពាន់លានដុល្លារ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃអង្គារ ថា កិច្ចព្រមព្រៀងនេះ គឺជាការចរចាសំខាន់មួយ ដែលនឹង បង្វែរការផ្គត់ផ្គង់ប្រេងចេញពីប្រទេសចិន ខណៈពេលដូចគ្នា ក៏ជួយឲ្យវេណេស៊ុយអេឡា ជៀសវាងការកាត់បន្ថយផលិតកម្មប្រេងកាន់តែធ្ងន់ធ្ងរ។

កិច្ចព្រមព្រៀងនេះ គឺជាសញ្ញាខ្លាំងបង្ហាញថា រដ្ឋាភិបាលវេណេស៊ុយអេឡា កំពុងឆ្លើយតបនឹងការទាមទាររបស់លោកត្រាំ ដែលឲ្យពួកគេ បើកទូលាយឲ្យក្រុមហ៊ុនប្រេងអាមេរិក ចូលរួម ឬបើមិនដូច្នោះទេ នឹងប្រឈមនឹងហានិភ័យនៃ ការចូលរួមយោធាបន្ថែមទៀត។

លោកត្រាំ បាននិយាយថា លោកចង់ឲ្យប្រធានាធិបតីបណ្តោះអាសន្ន ដេលស៊ី រ៉ូដ្រីហ្គេស (Delcy Rodriguez) ផ្តល់ “សិទ្ធិចូលដំណើរការទាំងស្រុង” ដល់សហរដ្ឋអាមេរិក និងក្រុមហ៊ុនឯកជន ក្នុងឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡា។

វេណេហ្ស៊ុយអេឡា មានប្រេងរាប់លានបារ៉ែល ដែលផ្ទុកលើនាវាដឹកប្រេង និងនៅក្នុងធុងស្តុកទុក ដែលខ្លួនមិនអាចដឹកជញ្ជូនបាន ដោយសារតែការបិទផ្លូវលើការនាំចេញ ដែលដាក់ដោយលោក ត្រាំ ចាប់តាំងពីពាក់កណ្តាលខែធ្នូ។

ការបិទផ្លូវនេះគឺជាផ្នែកមួយនៃការកើនឡើងសម្ពាធរបស់សហរដ្ឋអាមេរិកទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា Nicolas Maduro ដែលបានឈានដល់កម្រិតកងកម្លាំងអាមេរិកចាប់គាត់នៅចុងសប្តាហ៍នេះ។ មន្ត្រីកំពូលរបស់វេណេស៊ុយអេឡាបានហៅការចាប់ខ្លួនលោក Maduro ថាជាការចាប់ពង្រត់ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានព្យាយាមលួចស្តុកប្រេងដ៏ធំរបស់ប្រទេសនេះ។

វេណេស៊ុយអេឡា នឹង “ប្រគល់ជូន” ប្រេងដែលស្ថិតក្រោមទណ្ឌកម្ម ចន្លោះពី 30 ទៅ 50 លានបារ៉ែល ទៅឱ្យសហរដ្ឋអាមេរិក។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមរបស់លោក ដូណាល់ ត្រាំ។

លោកបានបន្ថែមថា៖ «ប្រេងនេះ នឹងត្រូវលក់តាមតម្លៃទីផ្សារ ហើយប្រាក់ដែលទទួលបាន នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីធានាថា វាត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក!»

លោកត្រាំ ក៏បាននិយាយថា រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក គ្រីស រ៉ាយត៍ (Chris Wright) នឹងទទួលបន្ទុកអនុវត្តកិច្ចព្រមព្រៀងនេះ ហើយប្រេងនឹងត្រូវ យកចេញពីនាវាដឹកប្រេង និងដឹកបញ្ជូនដោយផ្ទាល់ទៅកាន់កំពង់ផែសហរដ្ឋអាមេរិក។

ការផ្គត់ផ្គង់ប្រេងឆៅដែលជាប់គាំងនេះ ទៅសហរដ្ឋអាមេរិក អាចត្រូវការ បំប្លែងទិសទំនិញនាំចេញ ដែលដើមឡើយគ្រោងនឹងដឹកទៅកាន់ប្រទេសចិន ជាដំណាក់កាលដំបូង។ នេះបើយោងតាមប្រភពពីររូប ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ។

ប្រទេសនៅអាស៊ីនេះ (ចិន) គឺជា អ្នកទិញប្រេងធំបំផុតរបស់វេណេស៊ុយអេឡា ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយ ហើយជាពិសេស ចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងជាមួយវេណេស៊ុយអេឡា ក្នុងឆ្នាំ 2020។

ប្រភពមួយពីឧស្សាហកម្មប្រេង បាននិយាយថា៖ «លោកត្រាំ ចង់ឲ្យរឿងនេះកើតឡើងឲ្យបានឆាប់ ដើម្បីឲ្យលោកអាចប្រកាសថា វាជាជ័យជម្នះដ៏ធំមួយ»។

 

Chevron គ្រប់គ្រងការហូរប្រេងវេណេស៊ុយអេឡា ទៅកាន់សហរដ្ឋអាមេរិក

 

តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះលើសពី 1.5% បន្ទាប់ពីការប្រកាសរបស់លោក ដូណាល់ ត្រាំ ខណៈដែលកិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា នឹងបង្កើនបរិមាណប្រេងវេណេស៊ុយអេឡា ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក។

ការហូរប្រេងនេះ បច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន Chevron ដែលជាដៃគូសហវិនិយោគសំខាន់បំផុតរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA ដោយអនុញ្ញាតតាមការអនុម័តពីសហរដ្ឋអាមេរិក។

...

ក្រុមហ៊ុន Chevron ដែលកំពុងនាំចេញប្រេងវេណេស៊ុយអេឡា ចន្លោះពី 100,000 ទៅ 150,000 បារ៉ែលក្នុងមួយថ្ងៃ (bpd) ទៅកាន់សហរដ្ឋអាមេរិក គឺជា ក្រុមហ៊ុនតែមួយគត់ ដែលបានផ្ទុក និងដឹកជញ្ជូនប្រេងឆៅ ដោយគ្មានការរំខាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពីប្រទេសអាមេរិកខាងត្បូង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print