ខេត្តកណ្ដាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី០៧ ខែមករានេះថា ជនសង្ស័យម្នាក់បានល្បួងនារីរងគ្រោះដែលជាជនភៀសសឹក និងមានសតិមិនគ្រប់ឱ្យចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច បន្ទាប់ពីនារីរងគ្រោះរូបនោះចូលមកសុំលុយនិងសុំឲ្យជួយផ្តល់ភាពកក់ក្តៅ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ធឿង សំណាង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ (ពិនិត្យទឹកនោមអវិជ្ជមាន)។ ចំណែកជនរង គ្រោះគឺជាយុវតីវ័យ១៨ឆ្នាំម្នាក់ ដែលជាជនភៀសសឹកមកពីខេត្តបាត់ដំបងនិងមានសតិមិនគ្រប់ ស្នាក់នៅជាមួយឪពុកម្ដាយក្នុងបរិវេណផ្ទះជួលជាមួយគ្នា។
យោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៩:០០នាទី បន្ទាប់ពីបាត់កូនស្រីមួយសន្ទុះធំ អ្នកជិតខាងប្រាប់ថា ឃើញជនរងគ្រោះទៅលេងនៅបន្ទប់ជន សង្ស័យ។ ភ្លាមនោះ គាត់បានឡើងទៅគោះទ្វារបន្ទប់ជនសង្ស័យជាច្រើនដង ទើបជនសង្ស័យបើកទ្វារក្នុងស្ថានភាពស្លៀកពាក់មិនរៀបរយ (ស្លៀកកន្សែង ពោះគោ) និងព្យាយាមបិទបាំងមិនឲ្យចូលឆែកឆេរ។ ទោះបីជាជនសង្ស័យបដិសេធយ៉ាងណាក្តី ក៏ម្ដាយបានស្រែកហៅកូនស្រីរហូតឮសំឡេងឆ្លើយពីក្នុងបន្ទប់ទឹក ទើបដឹងថាមានរឿងមិនប្រក្រតី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅយប់ថ្ងៃទី០៣ ខែមករា ជនរងគ្រោះបានមកគោះទ្វារបន្ទប់ខ្លួន ហើយចូលមកនិយាយថា «រងាណាស់ សុំឱបតិចមក»។ ដោយឃើញឱកាសល្អ និងអាងថាជនរង គ្រោះមានសតិមិនគ្រប់ផងនោះ ខ្លួនក៏បានចាប់បង្ខំនិងធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចគោលបំណងតែម្ដង។ ក្រោយមក នៅថ្ងៃទី០៤ មករា ២០២៦ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យដល់កន្លែងកើតហេតុតាមពាក្យបណ្ដឹងរបស់ម្ដាយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕










