លួចប៉ុងឡានដាក់ម៉ូតូបានសម្រេច តែជិះបាន ១០០ ម៉ែត្រ ដាច់ច្រវាក់ជាប់ខ្នោះនគរបាលស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកស្អាងឱ្យដឹងនៅថ្ងៃ ទី០៧ ខែមករាឆ្នាំ២០២៦នេះថា ជនសង្ស័យម្នាក់ដែលញៀនថ្នាំបានធ្វើសកម្មភាពលួចលើកប៉ុងឡានរបស់ប្រជាពលរដ្ឋដាក់លើម៉ូតូបានសម្រេច ប៉ុន្តែគេចខ្លួនមិន ទាន់បានឆ្ងាយផង ស្រាប់តែម៉ូតូដាច់ច្រវាក់ទៅមុខលែងរួច ត្រូវម្ចាស់មកទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ មករា ២០២៦ នៅចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ដួង ដាវីត ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ដែលរូបគេមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកជនរងគ្រោះជាម្ចាស់ទ្រព្យមានឈ្មោះ សែ ហ៊ួត ភេទ ប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ប៉ុងឡានចំនួន១ (របស់ជនរងគ្រោះ) និងម៉ូតូម៉ាកគុបមូល ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ ១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។

លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ជន សង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកគុបមូលខាងលើ ធ្វើ ដំណើរតែម្នាក់ឯងចេញពីក្រុងសំពៅពូន ។ មកដល់ចំណុចកើតហេតុ ក៏បានធ្វើសកម្មភាពលួចលើកយកប៉ុងឡានរបស់ជនរងគ្រោះ ដែលទុកនៅខាងមុខផ្ទះ ដាក់លើម៉ូតូរបស់ខ្លួន។ បន្ទាប់ពីលើកដាក់លើម៉ូតូបាន សម្រេច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបានចម្ងាយប្រហែល ១០០ម៉ែត្រ ស្រាប់តែម៉ូតូដាច់ច្រវាក់ទៅមុខលែងរួច។ ខណៈនោះ ជនរងគ្រោះក៏បានមកទាន់ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចរាយការណ៍ប្រគល់ជូនកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអំបិល ដើម្បីយកមកសាកសួរ។

...

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមក កាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print