ខេត្តក្រចេះ ៖ ហេតុការណ៍អគ្គិភ័យដ៏សោកសៅនិងតក់ស្លុតមួយ បានកើតឡើងដោយមិនបានដឹងខ្លួន នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១២ និង១៥នាទីថ្ងៃត្រង់ ស្ថិតនៅភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ។
ករណីអគ្គិភ័យដ៏រន្ធត់នេះ បានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងអស់ទាំងស្រុង និងបានបង្កការខូចខាតផ្នែកជញ្ជាំងនិងដំបូលដល់ផ្ទះចំនួន៣ខ្នងផ្សេងទៀត ដែលធ្វើឱ្យម្ចាស់ផ្ទះទាំងអស់រងនូវការខាតបង់ទ្រព្យសម្បត្តិដ៏ធំធេង ។
ផ្ទះពលរដ្ឋដែលរងការឆេះទាំងស្រុងរួមមាន ១-ឈ្មោះ ឃុន យីផា ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរចុងភៅ ផ្ទះឈើប្រក់ក្បឿងទំហំ៧ គុណ១៧ ម៉ែត្រ មួយដំបូលស្មើ៥ខ្នង ។ ការខូចខាតសរុបរួមមាន៖ ឧបករណ៍ចុងភៅមួយចំនួនធំ, ថវិកា២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារ) និងមាស៤.៥ដំឡឹង ។ ដោយតាមការប៉ាន់ស្មានខាតបង់ខ្ទង់៖១០០,០០០ដុល្លារ(ដប់ម៉ឺនដុល្លារ) ។ ២-ឈ្មោះ ហុក បញ្ញា ភេទស្រី អាយុ៤៣ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសីទំហំ៦ គុណ១២ម៉ែត្រ ។ រងការខូចខាតរូមមានម៉ូតូ២គ្រឿង (Wave Alpha ពណ៌ប្រផេះ និង MSX ពណ៌ស), ថវិកា៥,០០០,០០០ រៀល (ប្រាំលានរៀល) និងសម្ភារៈជាងមួយចំនួន ។
តាមការប៉ាន់ស្មានខ្ទង់៖១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) សម្រាប់ផ្ទះ ។ ៣-ឈ្មោះ ឈី សុខថូត ភេទស្រី អាយុ៤៤ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសីទំហំ ៧គុណ៩ម៉ែត្រចំនួនមួយដំបូលស្មើ២ខ្នង ។ ការខូចខាត រួមមានគ្រឿងឈើមួយចំនួន និងថវិកា២,០០០,០០០រៀល (ពីរលានរៀល)។ តាមការប៉ាន់ស្មានខ្ទង់៖១០,០០០ដុល្លារ(មួយម៉ឺនដុល្លារ) សម្រាប់ផ្ទះ។
រីឯផ្ទះដែលរងការខូចខាតផ្នែកជញ្ជាំង និងដំបូល(៣ខ្នង) ១-ឈ្មោះ ហេង ឡៃហ៊ាង ភេទប្រុស អាយុ៧២ឆ្នាំ រងការខូចខាតជញ្ជាំងឈើខាងឆ្វេង,២-ឈ្មោះ ស៊ុន គឿន ភេទប្រុស អាយុ៧២ឆ្នាំ រងការខូចខាតជញ្ជាំងឈើប្រក់ក្បឿងខាងស្ដាំ,៣-ឈ្មោះ សឿន ស្រីតូច ភេទស្រី អាយុ ៣៥ឆ្នាំ ៖ រងការខូចខាតពិដាននិងដំបូល ផ្ទះជញ្ជាំងបេតុងប្រក់ក្បឿងទំហំ៧ គុណ១៨ម៉ែត្រ ។
ទាក់ទិនករណីអគ្គិភ័យខាងលើនេះ បន្ទាប់ពីទទួលបានដំណឹង កម្លាំងសមត្ថកិច្ចបានប្រើ ប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ២គ្រឿង ដោយបានប្រើប្រាស់ទឹកសរុបអស់៦ រថយន្ដ ទើបអាចគ្រប់គ្រងស្ថានការណ៍ និងពន្លត់អគ្គិភ័យបានទាំងស្រុង តែជាអកុសល មិនអាចជួយ សង្គ្រោះផ្ទះដែលត្រូវឆេះទាំងស្រុងបានទាន់ពេលវេលា ។
ជាជំហានដំបូងនេះ នៅមិនទាន់ប្រាកដករណីអគ្គិភ័យនេះនៅឡើយទេ ខណៈបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តសាកសួរ និងស្រាវជ្រាវអំពីមូលហេតុនៃការឆេះនេះថា បង្កមកពីអ្វីច្បាស់លាស់ ។
ពាក់ព័ន្ធហេតុការណ៍នេះ មិនបង្កឱ្យមានអ្នករងរបួស ឬបាត់បង់អាយុជីវិតមនុស្សឡើយ ។ ក្រោយគ្រប់គ្រងស្ថានភាពបាន សមត្ថកិច្ចក៏បានធ្វើការសេចក្ដីសន្និដ្ឋានការខូចខាតមានចំនួនគិតជាថវិកា១៥៣,០០០ដុល្លារ(ដប់ប្រាំម៉ឺនបីពាន់ដុល្លារ), ប្រាក់រៀល៧,០០០,០០០ រៀល (ប្រាំពីរលានរៀល) និងមាសចំនួន៤.៥ដំឡឹង ៕










