ខេត្តមណ្ឌលគិរី÷ មន្ទីរបរិស្ថានខេត្តបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញែក និងស្រុកពេជ្រាដា ចុះប្រតិបត្តិការបង្ក្រាបសកម្មភាពទន្ទ្រានដីធ្លី និងការរុករករ៉ែខុសច្បាប់យ៉ាងក្តៅគគុក កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
តាមប្រភពព័ត៌មានដែលទើបទទួលបាននាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងប្រតិបត្តិការ ល្បាតនៅចំណុចព្រៃចាស់ ក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ក្រុមមន្ត្រីឧទ្យានុរក្សបានប្រឈមមុខជាមួយក្រុមជនសង្ស័យដែលមានអាវុធជាប់ខ្លួន ។ តាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីជំនាញបានរកឃើញអាវុធ AK-47 ចំនួន ០២ដើម (០១ដើមស្វាយបត់ និង ០១ដើមទៀតដកហូតបានពីជនសង្ស័យដែលដួលម៉ូតូរត់គេចខ្លួន) រួមជាមួយគ្រាប់ចំនួន ១៣គ្រាប់។
ក្នុងហេតុការណ៍នោះ មានជនសង្ស័យម្នាក់បានរត់គេចខ្លួនទាំងមានអាវុធជាប់នឹងខ្លួន។ ដើម្បីការពារសុវត្ថិភាពក្រុមការងារ មន្ត្រីបានសម្រេចចិត្តបាញ់បង្អើលចំនួន ៤ គ្រាប់។ ម៉ូតូចំនួន ០៤គ្រឿងដែលជារបស់ក្រុមជនល្មើស ត្រូវបានកម្ទេចចោលនៅនឹងកន្លែង ដោយសារស្ថិតក្នុងតំបន់ព្រៃជ្រៅមិនអាចនាំយកចេញមកបាន។
សេចក្តីរាយការបន្តថា នៅយប់ថ្ងៃដដែល(ថ្ងៃទី៥) មន្ត្រីឧទ្យានុរក្សបានសហការជាមួយកម្លាំងនគរបាល និងយោធានៃគណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះអន្តរាគមន៍នៅចំណុចភ្នំលូងឈូង ស្ថិតក្នុងបរិវេណក្រុមហ៊ុន Khun Yuen International (ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណសិក្សាស្រាវជ្រាវរ៉ែ)។ អាជ្ញាធរបានឃាត់ខ្លួនបុរស២នាក់ ឈ្មោះ សុង រ៉ន និងឈ្មោះ ឃ្នី ធាតុ ខណៈកំពុងធ្វើសកម្មភាពរុករករ៉ែមាសដោយខុសច្បាប់។
ក្នុងអំឡុងពេលសាកសួរ មានប្រជាពលរដ្ឋប្រមាណពី ៩០ ទៅ ១០០នាក់ ប្រដាប់ដោយកាំបិត និងពូថៅ បានមកឡោមព័ទ្ធរារាំង និងរំដោះជនសង្ស័យទាំងពីររូបរួមទាំងមធ្យោបាយធ្វើដំណើរ។ ដើម្បីចៀសវាងការប៉ះទង្គិចជាហិង្សា និងការបង្ហូរឈាម ក្រុមការងារបានសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រអប់រំណែនាំ និងដេញឱ្យក្រុមអ្នកទាំងនោះត្រឡប់ទៅលំនៅដ្ឋានវិញ។
យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបានឱ្យដឹងថា កន្លងមកមានការចុះបង្ក្រាបផ្ទាល់៣លើក សម្រេចបានលទ្ធផលដូចជាលើកទី១ និងទី២ ឃាត់ខ្លួនជនល្មើសសរុប ២៦នាក់ បញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់និងលើកទី៣ (ចុងខែធ្នូ ២០២៥) ឃាត់ខ្លួន ៣៨នាក់ (បានអប់រំដោះលែង) ដកហូតម៉ូតូ ១៨គ្រឿង និងរ៉ែមាសចំនួន ០៤កញ្ចប់តូច។
មន្ទីរបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តសហការជាមួយតុលាការ ដើម្បីបើកការស៊ើបអង្កេតបឋមស្វែងរកមេខ្លោង និងអ្នកពាក់ព័ន្ធ។ ទន្ទឹមនឹងនោះ នឹងបង្កើនការអប់រំផ្សព្វផ្សាយអំពី “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ដល់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបញ្ឈប់សកម្មភាពរុករករ៉ែខុសច្បាប់ ដែលបង្កហានិភ័យដល់បរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕










