ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ដែលញៀនថ្នាំឆ្លៀតឱកាសម្ចាស់ឱសថស្ថានរវល់យកកូនទៅឱ្យមេដោះនៅក្រោយផ្ទះ មួយភ្លែតចូលលួចយកលុយសម្រាប់អាប់ឱ្យភ្ញៀវបានសម្រេច ប៉ុន្តែគេចខ្លួនមិនទាន់ផុតផង ក៏ត្រូវម្ចាស់មកទាន់ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះលក់ថ្នាំពេទ្យមួយកន្លែង ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះ ទន់ សុភាព ហៅ អ៊ូក ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ដែលរូបគេមានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន)។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ពៅ សុខរ៉ា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិឃុំកើតហេតុ។ ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាងជាប្រាក់រៀលចំនួន ១១. ៥០០រៀល (របស់ជនរងគ្រោះ)។
លោកអធិការបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកឱសថស្ថានជាធម្មតា ប៉ុន្តែដោយសារជាប់រវល់យកកូនតូចទៅផ្ញើមេដោះនៅខាងក្រោយផ្ទះ គាត់ក៏បានទុកកន្លែងលក់ចោលមួយភ្លែតដោយគ្មានអ្នកមើលនោះទេ។ ឆ្លៀតឱកាសនោះ ជនសង្ស័យក៏បានចូលមកធ្វើសកម្មភាពលួចលុយដែលទុកសម្រាប់អាប់ឱ្យភ្ញៀវបានចំនួន ១១.៥០០រៀល។ ចៃដន្យល្អ ខណៈនោះជនរងគ្រោះក៏ដើរចេញមកវិញទាន់ ឃើញសកម្មភាពជាក់ស្ដែងក៏ចាប់ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ប្រគល់ជូននគរបាលប៉ុស្តិ៍សិត្បូដើម្បីសាកសួរតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចលុយរបស់ជន រងគ្រោះដើម្បីយកទៅទិញអីហូបប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










