ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ធ្វើសកម្មភាពកាច់កម៉ូតូ នៅសង្កាត់ព្រែកព្នៅ តែរត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វៀង យ៉ាំងង៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំគីឡូម៉ែត្រលេខ៩ ក្រុម៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ រីឯម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់សោកនេះម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BH-9739 ជាកម្មសិទ្ធិរបស់ឈ្មោះឈួន ឡុត ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ប្រភពដដែលបានបន្តឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យមានគ្នា៣នាក់ បានជិះម៉ូតូមួយគ្រឿងទៅធ្វើសកម្មភាពកាច់សោកម៉ូតូ នៅផ្ទះជនរងគ្រោះក្នុងសង្កាត់ព្រែកព្នៅ ហើយក៏បានជិះគេចខ្លួន។ ភ្លាមនោះជនរងគ្រោះបានឃើញ ទាន់ក៏ស្រែកឆោឡោនិងបានជិះដេញតាមផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍។ លុះមកដល់ម្តុំមុខហ្គ្រេនភ្នំពេញ ដោយខ្លាចសមត្ថកិច្ចចាប់បានជនសង្ស័យបានផ្តួលម៉ូតូចោលរត់ចុះក្នុងបឹងលាក់ខ្លួន តែសមត្ថកិច្ចធ្វើការរុករកក៏ប្រទះឃើញជនសង្ស័យយកស្លឹកឈូកគ្របពីលើក្បាលទើបឃាត់ខ្លួនតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅប៉ុស្ដិ៍នគរបាលព្រែកព្នៅ ចំនែកម៉ូតូប្រគល់ជូនដល់ជនរងគ្រោះវិញ។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលព្រែកព្នៅ ដើម្បីកសាងសំនុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចាត់ការបន្តតាមនិតិវិធី។ ចំនែកបក្សពួក២នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនមកដាក់ទោសតាមច្បាប់ ៕
ដោយ៖ វិបុល