ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបង ទទួលបានទិន្នផលមៀនប៉ៃលិន (តាង៉ែន) សរុបជិត ៩ ម៉ឺនតោន (៨៨,៨៤៦) នៅក្នុងឆ្នាំ២០២៥។ នេះបេីយោងរបាយការណ៍ស្តីពីតារាងស្ថិតិដំណាំឧស្សាហកម្ម និងសាវប្បកម្ម ប្រចាំឆ្នាំ២០២៥ ។
បើតាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈឹម វជិរា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ ខេត្តបាត់ដំបង មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុបជាង ៦ ពាន់ហិកតា (៦,៣៤៥) ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៥ ពាន់ហិតា។
ចំពោះតួលេខបរិមាណផលសរុបនៃឆ្នាំ២០២៥ ជិត ៩ ម៉ឺនតោននេះ គឺមានការកើនឡើងជាង ៥ ពាន់តោន (៥,៩៣៤ តោន) បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកាលពីឆ្នាំ២០២៤ ខេត្តបាត់ដំបងអាចទទួលបានបរិមាណផលមៀនប៉ៃលិនសរុបត្រឹមតែជាង ៨ ម៉ឺនតោន (៨២,៩១៣ តោន) តែប៉ុណ្ណោះ។
សូមជម្រាបថា នៅខេត្តបាត់ដំបងមានចំនួន ១៤ ក្រុង-ស្រុក ដែលមានដាំដុះមៀនប៉ៃលិន (តាង៉ែន) ដូចជា បាណន់, ថ្មគោល, បាត់ដំបង, បវេល, ឯកភ្នំ, ម៉ោងឬស្សី, រតនៈមណ្ឌល, សង្កែ, សំឡូត, សំពៅលូន, ភ្នំព្រឹក, កំរៀង, គាស់ក្រឡ និងរុក្ខគិរី ជាដើម៕
ដោយ៖តារា










