ភ្នំពេញ៖ ថ្លែងក្នុងជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានបញ្ជូនជូន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នូវផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបើកស្ថានទូតនៅរាជធានីភ្នំពេញ នាពេលអនាគត។
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានគូសរំលេចអំពីគម្រោងទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកពីវិស័យផ្សេងៗ មកកាន់កម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង ថាមពល និងវិស័យសក្តានុពលផ្សេងៗទៀត។
លោកឯកអគ្គរដ្ឋទូតរូបនេះ ក៏បានបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបានសម្តែង សុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទស្សនៈវិស័យនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីត។
នាឱកាសនោះដែរ ជាការឆ្លេីយតប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់ និងទេសចរណ៍ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និង ទីក្រុងរីយ៉ាដ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ដែល បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយសង្ឃឹមថា អារ៉ាប៊ីសាអូឌីតនឹងបន្តផ្តល់អាហារូបករណ៍ បន្ថែមទៀត ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមពីលើកម្មវិធីសិក្សាផ្នែកសាសនាដែលមានស្រាប់៕
ដោយ៖តារា










