ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា ស៊ុន ចាន់ថុល បានផ្តល់បទសម្ភាសជាមួយសារព័ត៌មាន Bloomberg ជុំវិញប្រធានបទពាក់ព័ន្ធនឹងការចាប់ខ្លួន ចេន ហ្សី ជម្លោះព្រំដែនជាមួយថៃ និង ពាណិជ្ជកម្មជាមួយអាម៉េរិក។ក្នុងបទសម្ភាសន៍នោះ លោកបានចាត់ទុកការចាប់បញ្ជូនលោក ចេន ហ្សី ទៅកាន់ប្រទេសចិន គឺជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបោសសំអាតឧក្រិដ្ឋកម្ម Online Scam ដោយសារបញ្ហានេះ គឺជាបញ្ហាអន្តរជាតិ ហើយប្រទេសថៃមិនគួរប្រើប្រាស់លេសនេះ ដើម្បីឈ្លានពានដែនអធិបតេយ្យកម្ពុជានោះទេ។
ក្នុងបទសម្ភាសជាមួយ Bloomberg លើបញ្ហាឈ្លានពានរបស់ថៃលើកម្ពុជា លោក ស៊ុន ចាន់ថុល បានមើលឃើញថា បទឈប់បាញ់កម្ពុជា-ថៃ នៅតែផុយស្រួយ ហើយលោកជឿជាក់ថាតាមរយៈយន្តការ JBC និង GBC នឹងអាចចូលរួមចំណែកក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ដើម្បីអោយប្រទេសទាំងពីរអាចរក្សានូវប្រយោជន៍របស់ខ្លួន ក៏ដូចជាអាស៊ានទាំងមូល។
តបសំណួរដែលថៃចោទថា កម្ពុជា គឺជាបណ្តុំនៃកន្លែងឆបោក Online Scams។លោក ចាន់ថុល បានថ្លែងទាំងម៉ឺងម៉ាត់ថា ថៃមិនគួរណាប្រើលេសនេះ ដើម្បីឈ្លានពានកម្ពុជានោះទេ បើទោះជាបញ្ហាទាំងនេះកំពុងកើតឡើងក្នុងទឹកដីកម្ពុជាក្តី កម្ពុជាត្រូវដោះស្រាយដោយខ្លួនឯង ដោយមិនចាំបាច់មានប្រទេសទី៣ មកលូកដៃនោះទេ។ លោកបានលើក ឧទារណ៍ ដូចករណីការចាប់ខ្លួន លោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scam បញ្ជូនទៅកាន់ប្រទេសចិនថ្មីៗនេះ បើទោះបីជាត្រូវការពេលបន្តិចមែន តែប្រតិបត្តិការបានដោយជោគជ័យ ក្រោយបានប្រមូលនូវភស្តុតាងពេញលេញ។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិន នៅថ្ងៃទី ៨ មករានេះ បានចេញសេចក្តីប្រកាសជាផ្លូវការនៃការចាប់ខ្លួន លោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scam ពីប្រទេសកម្ពុជាបញ្ជូនទៅកាន់ប្រទេសចិនវិញ។សម្រាប់ចិន បានចាត់ទុកការចាប់ខ្លួននេះ គឺជាសមិទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កម្ពុជា–ចិន៕
ដោយ៖តារា










