ខេត្តបាត់ដំបង៖ លោក ហេង រតនា ប្រធានអង្គភាពស៉ីម៉ាក់ បានថ្លែងថា នៅថ្ងៃសៅរ៍ ទី១០ មករា ឆ្នាំ២០២៦នេះ កម្លាំងជំនាញអង្គភាពCMAC ចុះទៅបោសសម្អាតមីនបេីកតំបន់សុវត្ថិភាពនៅកន្លែងផ្ទុះរថយន្តឆ្នៃស្ថិតនៅក្នុងចម្ការដំឡូងមី ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងនោះ បានរកឃេីញគ្រាប់មីនតោន៣រណ្តៅសុទ្ធតែដាក់គ្រាប់មីនតោនត្រួតគ្នាចំនួន២គ្រាប់ សរុបចំនួន៦គ្រាប់ ស្ថិតនៅក្បែរៗកន្លែងផ្ទុះនោះ។
លោកអគ្គនាយកស៉ីម៉ាក់រូបនេះ សុំបញ្ជាក់ថា ដីចម្ការនេះបានរុករានប្រេីប្រាស់ដាំដំណាំប្រមាណជិត៣០ឆ្នាំមកហេីយ តាំងពីសង្គ្រាមផ្ទែក្នុងកម្ពុជាត្រូវបានបញ្ចប់មកម្លេះ!! ។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ មានករណីផ្ទុះគ្រាប់មីនតោនជាសំណល់សង្គ្រាមទសវត្ស១៩៨០-៩០ បានបំផ្លាញរថយន្តកែឆ្នៃដឹកដំឡូងមីមួយគ្រឿងស្ទេីទាំងស្រុង និងជាសំណាងល្អបំផុតសម្រាប់បេីកបររួចជីវិតដោយព្រលឹងចេញជិតផុតចុងសក់ មិនរងរបួសស្នាមឡេីយ! ។
ករណីផ្ទុះគ្រាប់មីនតោននេះ កេីតឡេីងនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង!។ នេះបានហៅថា “សំណល់សង្គ្រាមចាស់មិនទាន់អស់ផង សំណល់សង្គ្រាមថ្មីមកបន្ថែមទៀត”! ៕
ដោយ៖តារា










