ខេត្តស្វាយរៀង: រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនិងសាធារណជនជ្រាបថា ថ្មីៗនេះមានការបង្ហោះផ្សាយវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook) និងទិកតុក (TikTok) ការបញ្ចេញមតិ (Comment) និងការចែករំលែក (Share) ព្រមទាំងបណ្តាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធករណី រ៉ឺម៉កម៉ូតូដឹកទ្រុងមានមនុស្សនៅខាងក្នុងទ្រុង ស្ថិតនៅក្រុងបាវិតខេត្តស្វាយរៀង។
ចំពោះករណីខាងលើនេះ រដ្ឋបាលខេត្ត សូមធ្វើការបញ្ជាក់ជូនសាធារណជនថា៖ បន្ទាប់ពីទទួលបានព័ត៌មានដែលបានបង្ហោះផ្សាយនេះភ្លាម អធិការដ្ឋាននគរបាលក្រុងបាវិតបានចុះធ្វើការស្រាវជ្រាវនិងបានរកឃើញម្ចាស់ទ្រុងខាងលើ និងបានសាកសួរព័ត៌មាន គាត់បានបំភ្លឺថា ទ្រុងដែលបានដឹកនេះគឺគាត់ធ្វើដើម្បីទុកចិញ្ចឹមសត្វទេ តែនៅពេល ដឹកយកមកទុកនៅផ្ទះដោយសាររ៉ឺម៉កតូចជិះមិនអស់គ្នា ទើបកម្មករដែលដឹកទ្រុងមកនាំគ្នាចូលអង្គុយក្នុងទ្រុង។ នៅពេលដឹកមកផ្ទះតាមផ្លូវក៏មានអ្នកថតបង្ហោះធ្វើឱ្យមានការភ័ន្តច្រឡំ។
បន្ទាប់ពីសាកសួរ និងស្តាប់ការបំភ្លឺរបស់ម្ចាស់ទ្រុងខាងលើរួចមក អាជ្ញាធរបានធ្វើការអប់រំ ណែនាំគាត់កុំឱ្យដឹកទ្រុងដោយមានមនុស្សជិះខាងក្នុងបែបនេះទៀតនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ៕











