សារព័ត៌មាន Reuters បានផ្សាយថា នាថ្ងៃទី១០ ខែមករា ចិន រុស្ស៊ី និងអ៉ីរ៉ង់ បានចាប់ផ្តើមការធ្វេីសមយុទ្ធកងទ័ពជើងទឹករួមគ្នា ដែលមានរយៈពេល ១សប្តាហ៍ នៅក្នុងដែនទឹករបស់អាហ្រ្វិកខាងត្បូង ដោយប្រទេសម្ចាស់ផ្ទះពិពណ៌នាថាជាប្រតិបត្តិការ BRICS Plus ដើម្បីធានាសុវត្ថិភាពនៃការដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចដែនសមុទ្រ។
BRICS Plus គឺជាការពង្រីកខ្លួននៃប្លុកភូមិសាស្ត្រនយោបាយដែលដើមឡើយរួមមានប្រទេសប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយប្រទេសជាសមាជិកចាត់ទុកថាដេីម្បីប្រឆាំងនឹងការត្រួតត្រាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ដោយការរួមបញ្ចូលប្រទេសចំនួន ៥ផ្សេងទៀត ដូចជាអេហ្ស៉ីប ឥណ្ឌូណេស៉ី អារ៉ាប៊ីសាអូឌីត អេត្យូពី និងអេមីរ៉ាត់ អារ៉ាប់រួម។
មន្ត្រីយោធាចិនដែលដឹកនាំពិធិបើកសមយុទ្ធ បាននិយាយថា ប្រេស៉ីល អេហ្ស៉ីប និងអេត្យូពី បានចូលរួមជាអ្នកសង្កេតការណ៍។ សេចក្តីថ្លែងការណ៍របស់យោធា បានគូសបញ្ជាក់ថា សមយុទ្ធ WILL FOR PEACE 2026 ប្រមូលផ្តុំកងទ័ពជើងទឹកមកពីប្រទេស BRICS Plus សម្រាប់ប្រតិបត្តិការសុវត្ថិភាពដែនសមុទ្ររួមគ្នា និងសមយុទ្ធអន្តរប្រតិបត្តិការអាហ្រ្វិកខាងត្បូង។
គួរបញ្ជាក់ថា ទោះជាអាហ្រ្វិកខាងត្បូងតែងតែធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយចិន និងរុស្ស៉ីក៏ដោយ ប៉ុន្តែវាកើតឡើងនៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងរវាងរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រទេស BRICS Plus មួយចំនួន រួមទាំងចិន អ៉ីរ៉ង់ អាហ្វ្រិកខាងត្បូង និងប្រេស៉ីល៕
រូបថត: VTV










