ខេត្តសៀមរាប៖ សមត្ថកិច្ចចាប់ខ្លួនជនជាតិនេប៉ាល់ ៣នាក់ បន្លំខ្លួនជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ប្រើប្រាស់ទីតាំងក្នុងបុរីដឺព្រីមៀ ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលដៅទៅកាន់ប្រទេសផ្សេងៗ ។
បុរសជនជាតិនេប៉ាល់ចំនួន ៣ នាក់ ទី១មានឈ្មោះ GURUNG BINAYA ទី២ ឈ្មោះ TUMROK SAIN និងទី៣ឈ្មោះ SAPKOTA MOHAN ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង។
ជនសង្ស័យទាំង ៣ នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវរកឃើញថាបានបន្លំខ្លួនជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ប្រើប្រាស់ទីតាំងក្នុងបុរីដឺព្រីមៀ ស្ថិតក្នុង ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលដៅទៅកាន់ប្រទេសផ្សេងៗ ចាប់ពីអំឡុងខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
លេខាធិការដ្ឋានគ.ប.ឆ.ប. បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់៕
ដោយ៖ ជ្រោយពេជ្រ










