បញ្ជូនស្ត្រីម្នាក់ជួលរថយន្តគេទៅជិះបែរជាយកទៅបញ្ចាំទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នឹងដឹកបញ្ជូនស្រ្តីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីជួលរថយន្តទៅជិះ បែរជាយកទៅបញ្ចាំឲ្យអ្នកផ្សេង ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ កែវ ស្រីវ៉ាង អាយុ២៩ឆ្នាំ មុខរបរគួកជេរដី ស្នាក់នៅតាមផ្ទះសំណាក់ និងមានស្រុកកំណើតនៅភូមិម៉ុងបារាំង សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចម្ដុំមុខផ្សារ ស៊ិនជូរីផ្លាហ្សា ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ការឃាត់ខ្លួនស្រ្តីសង្ស័យ ដោយយោងតាមពាក្យពីជនរងគ្រោះ ឈ្មោះ សុខ ភារម្យ អាយុ៣៣ឆ្នាំ ជាមន្រ្តីយោធា បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២០H ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមរៀបរាប់ពីជនរងគ្រោះប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ រូបគាត់បានជួលរថយន្ត ១គ្រឿង ម៉ាកឡិចស៊ីសRX៤៧០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2D-9090 ឲ្យទៅឈ្មោះ កែវ ស្រីវ៉ាង ដោយក្នុងមួយខែៗ តម្លៃ ១១០០ដុល្លារ ។ លុះមកដល់ថ្ងៃទី២០ ខែឆ្នាំដដែល ស្រាប់តែឈ្មោះ កែវ ស្រីវ៉ាង បានយករថយន្តនោះទៅដាក់បញ្ចាំទៅឲ្យអ្នកផ្សេង ហើយរឿងនេះបានលិចឮដល់រូបគាត់ ក៏ប្តឹងសមត្ថកិច្ច តាមស្រាវជ្រាវ រហូតឃាត់បានស្រ្តីសង្ស័យ នៅចំណុចម្ដុំមុខផ្សារ ស៊ិនជូរីផ្លាហ្សា ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ហើយក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចបានតាមរកឃើញរថយន្តនោះមកវិញ នៅចំណុចភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួចនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕

20160910_155020 20160910_155100 20160910_155134 20160910_155123

ដោយ៖ តុង សីហា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print