ខេត្តកំពង់ស្ពឺ÷ មានករណីក្រុមភ្ញៀវដែលមកចូលរួមក្នុងកម្មវិធីមង្គលការមួយកន្លែង បានឈ្លោះគ្នា និងយកចានកែវគប់គ្នា ព្រមទាំងវាយតប់គ្នាផ្អើលភ្ញៀវឯទៀតរត់ចែកជើងគ្នា ទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចរោងការមួយកន្លែង ស្ថិតក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើត ហេតុ ភ្ញៀវខាងស្រី និងភ្ញៀវខាងប្រុសបានចូលរួមកម្មវិធីមង្គលការ ស្ថិតនៅក្នុងភូមិ-ឃុំខាងលើ ពិសាអាហារធម្មតា រហូតដល់ម៉ោងជាង១០យប់ មិនដឹងថាមកពីមូលហេតុអ្វីនោះទេ ក៏ស្រាប់កើតមានការឈ្លោះប្រកែកគ្នា ក្លាយទៅជាហិង្សា ដោយក្រុមភ្ញៀវនិងអ្នកចូលរួមកម្មវិធីបានប្រើចាននិងកែវគប់គ្នា និងវាយតប់គ្នាផ្អើលដល់ភ្ញៀវផ្សេងទៀតរត់ចែកជើងគ្នាតែម្តង ។
ពាក់ព័ន្ធនិងករណីភ្ញៀវវាយតប់ក្នុងកម្មវិធីមង្គលការ និងប្រើចានកែវហោះបង្កឱ្យមានការភ្ញាក់ផ្អើលនេះ លោក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានប្រាប់ឱ្យដឹងថា លោកកំពុងតែធ្វើការរឿងនេះហើយ ព័ត៌មានលំអិតនឹងជម្រាបជូននៅពេលក្រោយទៀត ៕










