ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួចរាល់ លើទិញយន្តហោះ Boeing 737 Max 8 ចំនួន២០គ្រឿង ពីសហរដ្ឋអាមេរិក និងយន្តហោះ COMAC C909 ចំនួន២០គ្រឿងទៀត ពីប្រទេសចិន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាននេះ បានបង្ហាញឲ្យដឹងនៅក្នុងពិធីសម្ពោធស្លាកសញ្ញា និងរចនាលើតួអាកាសយានថ្មី (New Logo and Aircraft Livery) របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
បើតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញយន្តហោះ Boeing 737 Max 8 ចំនួន២០គ្រឿង និងយន្តហោះ COMAC C909 ចំនួន២០គ្រឿងផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានបង្កើនចំណូលជាបន្តបន្ទាប់ ក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៣»។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានខិតខំសម្រេចសមិទ្ធផលជាផ្លែផ្កា នៅថ្ងៃនេះ។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ទើបបានចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីទទួលបានអាកាសយាន ប្រភេទថ្មីៗបន្ថែមទៀត ជាមួយក្រុមហ៊ុនប៊ូអីង របស់សហរដ្ឋអាម៉េរិក (Boeing Company) និងក្រុមហ៊ុនកូម៉ាក់របស់ប្រទេសចិន (COMAC Company)។
បន្ថែមពីនោះទៀត លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ទោះបីជាកម្ពុជា កំពុងជួបប្រទះសង្គ្រាមព្រំដែន ដែលបង្កឡើងដោយប្រទេសថៃ និងស្ថានភាពពិភពលោកកំពុង ស្ថិតនៅក្នុងភាពប្រទាញប្រទង់ ទីតាំងភូមិសាស្ត្រនយោបាយ សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងសង្គ្រាមមជ្ឈិមបូព៌ាជាដើមក៏ដោយ ក៏អាកាសចរណ៍ជាតិកម្ពុជា នៅតែពង្រីកជើងហោះហើរថ្មីៗ។
សូមបញ្ជាក់ដែរថា កម្ពុជានឹងដាក់ឲ្យប្រើប្រាស់យន្ដហោះ Boeing 737 MAX នៅក្នុងឆ្នាំ២០៣១ ខាងមុខនេះ បន្ទាប់ពីសម្រេចនូវកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្ររវាង ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/ K6) និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) របស់អាមេរិក។
ដោយឡែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ យន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX) ចំនួន១០គ្រឿងជាផ្លូវការរួចរាល់ហើយ៕ដោយ៖តារា










