សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ បានផ្សាយថា រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ បានប្រកាសថា អាល្លឺម៉ង់នឹងបញ្ជូនកងទ័ពចំនួន១៣នាក់ ទៅកាន់កោះ Greenland នាថ្ងៃព្រហស្បតិ៍នេះ ក្រោមក្របខណ្ឌ នៃបេសកកម្មមួយជាមួយបណ្តាប្រទេសអឺរ៉ុបដទៃទៀត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារចង់គ្រប់គ្រងដែនកោះនេះ ដែលជាផ្នែកនៃប្រទេសដាណឺម៉ាក។
បេសកកម្មខាងលើ ដែលផ្តើមចេញពីសំណើរបស់ដាណឺម៉ាក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ក្នុងគោលដៅសិក្សាអំពីលទ្ធភាពនៃការចូលរួមចំណែកផ្នែកយោធា ដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់។ កាលពីថ្ងៃពុធ ស៊ុយអែតរួមជាមួយន័រវែស ក៏បានប្រកាសដែរថា ពួកគេនឹងបញ្ជូនកងទ័ពទៅកាន់កោះ Greenland។
អំឡុងពេលប៉ុន្មានសប្តាហ៍មកនេះ លោក ត្រាំ បាននិយាយជាច្រើនលើកច្រើនសាថា Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក មានសារសំខាន់ជាខ្លាំង ចំពោះសន្តិសុខជាតិរបស់អាមេរិក ហើយសហរដ្ឋអាមេរិក ត្រូវតែគ្រប់គ្រងដែនកោះនេះ ដើម្បីរារាំងចិននិងរុស្ស៉ី។ លោក ត្រាំ ថែមទាំងបាននិយាយថា ជម្រើសរើសទាំងអស់ រួមមានទាំងប្រើកម្លាំងយោធា គឺស្ថិតនៅលើតុ ដែលជាសម្តីបានធ្វើឱ្យប៉ះពាល់ខ្លាំង ចំពោះទំនាក់ទំនងរវាងអឺរ៉ុបនិងសហរដ្ឋអាមេរិក។
កាលពីថ្ងៃពុធ លោក ត្រាំ នៅតែបន្តលើកឡើងថា សហរដ្ឋអាមេរិកត្រូវការ Greenland ហើយមិនអាចពឹងផ្អែកលើដាណឺម៉ាក ដើម្បីការពារដែនកោះនេះឡើយ បន្ទាប់ពីមន្រ្តីដាណឺម៉ាកនិង Greenland បានមកជួបពិភាក្សាជាមួយក្រុមមន្រ្តីរបស់លោក នៅសេតវិមាន៕
រូបថត: plo










