សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបរថយន្តដឹកលៀសខុស ច្បាប់ជាង ២០តោន ហើយលែងចូលបឹងធម្មជាតិវិញ

ចែករំលែក៖

​ខេត្តសៀមរាប៖ ទោះបីមានការរឹតបន្តឹង និងផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសំណាក់អាជ្ញាធរយ៉ាងណាក្តី ក៏ បទល្មើសដឹកជញ្ជូនលៀសតូចល្អិត (លៀសចំណីទា) ដែលច្បាប់ជលផលហាមឃាត់ នៅតែបន្តកើតមានដោយដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម។ ជាក់ស្តែង កម្លាំងជំនាញទើបតែបង្ក្រាបបានករណីដឹកជញ្ជូនលៀសខុសច្បាប់ដ៏ធំមួយករណីទៀតកាលពីយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦។

​ការបង្ក្រាបនេះធ្វើឡើង នៅវេលាម៉ោង៩និង៣០ នាទីយប់នៅភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ក្រោមការដឹកនាំដោយ​លោកវរសេនីយ៍ឯក នួន សារ៉ុន ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផល ក្រោមការ​សម្របសម្រួលលោក ប៉ុក តារា ព្រះ រាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។

​វត្ថុតាងដកហូតក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់រថយន្ត១គ្រឿង ម៉ាក NISSAN ពណ៌ស (ចង្កូតស្តាំ) ពាក់ស្លាកលេខ KCH.0355 ដែលផ្ទុកលៀសគ្មានលិខិតអនុញ្ញាតទម្ងន់ ២២,០០០ គីឡូក្រាម (ស្មើនឹង ២២តោន)។ ដោយឡែក អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ក្នុងពេលសមត្ថកិច្ចចុះអន្តរាគមន៍។

​នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានចាក់លែងកូនលៀសទាំង ២២តោនចូល បឹងទន្លេសាបវិញ នៅតំបន់បឹងអភិរក្សពូជត្រី ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំដាន់រុន ស្រុកសូទ្រនិគម។

រីឯមធ្យោបាយដឹកជញ្ជូន (រថយន្ត) ត្រូវបានបញ្ជូនទៅ កាន់ខណ្ឌរដ្ឋបាលជលផល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តខេត្តសៀមរាបដើម្បីអនុវត្តតាមច្បាប់ស្តីពីជលផល។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះដំណើរការឆ្ពោះទៅការផុតពូជនៃអំបូរខ្ចៅលៀស ដែលជាធនធានធម្មជាតិដ៏សំខាន់។ ពួកគាត់បានលើកឡើងថា ទោះបីមានការបង្រ្កាបជាបន្តបន្ទាប់ ក៏បទល្មើសនៅតែរាលដាល ដែលនាំឱ្យមានការរិះគន់ និងមន្ទិលសង្ស័យលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋានផងដែរ។

...

​អាជ្ញាធរសមត្ថកិច្ចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមបញ្ឈប់ការនេសាទ និងដឹក ជញ្ជូនលៀសខុសច្បាប់ ដើម្បីរួមគ្នាថែរក្សាសម្បត្តិជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print