ខេត្តបាត់ដំបង÷ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់បន្ទាប់ ពីនាំគ្នាចុះហែលទឹកស្រះលេង បង្កការភ្ញាក់ផ្អើលនៅព្រលប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦។ បើទោះជាមានអន្តរាគមន៍ពីប្រជាពលរដ្ឋ ជួយចុះរាវរកយ៉ាងណាក៏មិន ទាន់រកឃើញជនរងគ្រោះនៅឡើយ។
ឪពុកម្ដាយបានត្រឹមស្រែកទ្រហោយំ អង្គុយមាត់ស្រះ នឹកសង្វេគដល់កូនប្រុស ដែលបានលិចបាត់ទៅក្នុងទឹកតែម្នាក់ឯងបន្ទាប់ពីបាននាំមិត្តភក្តិពីរបីនាក់ មកលេងទឹកកំសាន្ត ប៉ុន្តែជាអកុសល ត្រូវបានមិត្តបញ្ជាក់ថា លិចបាត់ទៅបាតស្រះលួង ក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលស្ថិតនៅក្នុងភូមិដំណាក់លួងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទៅហើយ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ។
ប្រភពបានឱ្យដឹងថា មានមិត្តភក្តិចុះជួយសង្គ្រោះដើម្បីស្រង់ជនរងគ្រោះនោះដែ រប៉ុន្តែដោយសារទឹកជ្រៅហើយអ្នកចុះទៅជួយនោះអស់កម្លាំងដៃក្នុងការយោងជនរង គ្រោះក៏ទម្លាក់ចុះ ហើយហែលយកខ្លួនសិន។
ប្រភពពីកន្លែងកើតហេតុបានអីដឹងថា ក្មេងប្រុសដែលបានលិចបាត់ទៅក្នុងស្រះលួងនេះ មានឈ្មោះ សាយ កក្កដា អាយុប្រហែល ១៦ ឆ្នាំ ជាសិស្សនៃវិទ្យាល័យ នេត យ៉ង់ មានទីលំនៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នសពរបស់ក្មេងប្រុស នៅពុំទាន់មានសមត្ថកិច្ចមូលដ្ឋាននិងជំនាញណាចុះស្រង់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឡើយទេ៕










