គ្រូបង្វឹក Thomas Frank បានបញ្ចាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធ Richarlison របស់ក្លឹប Tottenham Hotspur នឹងត្រូវអវត្តមានរយៈពេលជិតពីរខែដោយសាររបួសសរសៃពួរ។
គ្រូបង្វឹក Thomas Frank បាននិយាយថា វានឹងមានប៉ះពាល់ដល់ជម្រើសនៅក្នុងតំបន់ប្រយុទ្ធរបស់ក្លឹបនៅមុនការប្រកួតនៅថ្ងៃសៅរ៍នៅផ្ទះជាមួយក្រុម West Ham United ។ អវត្តមានរបស់កីឡាករសញ្ជាតិប្រេស៊ីលគឺជាឧបសគ្គដ៏សំខាន់មួយ ដោយខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 3 ដងក្នុងក្របខណ្ឌអង់គ្លេស Premier League នៅរដូវកាលនេះ។
ក្រុមមាន់ខ្នាយមាសត្រូវបានទម្លាក់ចេញពី FA Cup ដោយ Aston Villa កាលចុងសប្តាហ៍មុន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី 14 ក្នុងតារាង។
ខ្សែបម្រើ Lucas Bergvall និង Yves Bissouma ត្រលប់មកវិញហើយ ខណៈដែលខ្សែការពារ Destiny Udogie និងខ្សែប្រយុទ្ធ Dominic Solanke អាចនឹងចូលរួមប្រកួតទល់នឹងញញួរធំបាន។
Spurs ទើបតែបានចុះហត្ថលេខាទិញខ្សែបម្រើអង់គ្លេស Conor Gallagher អាយុ 25 ឆ្នាំពី Atletico Madrid ក្នុងតម្លៃ 35 លានផោន។កាលពីថ្ងៃព្រហស្បតិ៍ Spurs បានប្រកាសថាអតីតខ្សែការពារហូឡង់ និង Everton លោក John Heitinga បានចូលរួមជាមួយក្លឹបក្នុងនាមជាជំនួយការគ្រូបង្វឹក៕










