U19 កម្ពុជាត្រូវប៉ះ U19 ឡាវស្អែកនេះក្រោយពីចាញ់អូស្រ្តាលី

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៩ឆ្នាំ ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំឡាវនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅលើទឹកដីប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះសម្រាប់ពានរង្វាន់ AFF U19 Championship 2016 ស្ថិតក្នុងពូលB ។

ក្រោយពីចាញ់ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំអូស្ត្រាលីក្នុងលទ្ធផល ២-០ នៅទឹកដីវៀតណាមកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមU19កម្ពុជាស្ថិតនៅបាតតារាងក្នុងពូលB ហើយក្រុមកំពូលតារាងបណ្តោះអាសន្នគឺ U19 អូស្ត្រាលីដែលមាន៣ពិន្ទុនិងមីយ៉ាន់ម៉ាមាន៣ពិន្ទុដែរ ដោយគ្រាន់តែគ្រាប់បាល់ចំណេញតិចជាងអូស្ត្រាលី ។

ការប្រកួតកាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ក្រុម U19 កម្ពុជាបានព្យាយាមលេងទប់យ៉ាងស្វាហាប់បំផុត ជាមួយនឹង U19 អូស្ត្រាលី ហើយអ្នកគាំទ្រជាជនរួមជាតិ ដែលបានតាមដានការប្រកួតតាមការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ BTV នៅកម្ពុជា សុទ្ធតែបង្ហាញភាពរីករាយ នៅពេលក្រុមកម្ពុជាបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ នៅតង់ទីមួយ ។ ចូលដល់តង់ទី២ ក្រុម U19កម្ពុជា មិនអាចរារាំងក្រុមអូស្រ្តាលី ដែលមានប្រៀបលើពួកគេទាំងកម្ពស់ បច្ចេកទេស និងល្បឿន បានទៀតនោះទេ ហើយការវាយសម្រុកយ៉ាងខ្លាំងនោះ បានផ្តល់ឲ្យខ្សែប្រយុទ្ធ George Henry ស៊ុតបាល់បញ្ចូលទីរបស់កម្ពុជា បានសម្រេចនៅនាទីទី៦៣ ហើយកីឡាករ George Henry ដដែល បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៦៦ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ខណៈលោកអាជ្ញាកណ្តាលបានពិន័យអ្នកចាំទី កែវ សុខសិលា របស់កម្ពុជា ដែលបានជ្រុលទៅប៉ះខ្សែប្រយុទ្ធរបស់ក្រុមអូស្រ្តាលីឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ។ ចប់ការប្រកួតសម្រាប់ថ្ងៃបើកឆាករបស់កម្ពុជាក្នុងពានរង្វាន់ AFF U19 Championship 2016 គឺចាញ់ក្រុមអូស្ត្រាលី ២-០ ។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃប្រកួតបើកឆាកពូលB ក្រុម U19 ថៃបានយកឈ្នះ U19ឡាវ ២-១ និង U19 មីយ៉ាន់ម៉ា បានយកឈ្នះ U19 ឥណ្ឌូនេស៊ី ៣-២ ។ ដូច្នេះសម្រាប់ពូលB ក្រុមដែលទទួលបាន៣ពិន្ទុ មានអូស្ត្រាលី មីយ៉ាន់ម៉ា និងថៃ ។ ចំណែកក្រុមឥណ្ឌូនេស៊ី ឡាវ និងកម្ពុជាមិនទាន់រកបាន៣ពិន្ទុនោះទេ ។ នៅថ្ងៃទី១៤ ខែកញ្ញានេះក្រុមកម្ពុជាត្រូវប៉ះ ជាមួយក្រុមឡាវនៅម៉ោង៤រសៀល, មីយ៉ាន់ម៉ាប៉ះអូស្ត្រាលីម៉ោង៣និង៣០នាទីរសៀល, ក្រុមឥណ្ឌូនេស៊ីប៉ះក្រុមថៃម៉ោង៧យប់ ៕

aust-cambo_

ដោយ៖ សារីម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print