ភ្នំពេញ៖ តម្លៃមាស បានបំបែកកំណត់ត្រាថ្មី ខណៈមាសបន្តកើនឡើងរហូតដល់ ៥៦៥០ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃចន្ទទី១៩ ខែមករា ឆ្នាំ២០២៦នេះ ដោយសារវិបត្តិសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា ព្រមទាំងភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយ ប្រទេសស៊ីរី និងអ៊ីរ៉ង់។
បើតាមប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities លោក ឡុង សំណាង បានមានប្រសាសន៍ថា តម្លៃហាងឆេងមាសបានបំបែកកំណត់ត្រាថ្មីដល់ ៥៦៥០ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃចន្ទទី១៩ មករានេះ ដោយសារតែស្ថានភាពពិភពលោករឹតតែធ្វើឱ្យមានការភ័យខ្លាច ដែលធ្វើឱ្យអ្នកវិនិយោគធំៗមួយចំនួន មើលឃើញឱកាសពីការជួញដូរលើតម្លៃហាងឆេងមាស។
លោក ឡុង សំណាង បានបន្ថែមថា៖ «វិនិយោគិនធំៗ គេកត់ចំណាំទុកថា តើពេលដែលមានសង្គ្រាម មានវិបត្តិសេដ្ឋកិច្ចកើតឡើង តើអាជីវកម្មមួយណាដែលល្អជាងគេបំផុត មានតែហាងឆេងមាសទេ ដែលមានសុវត្ថិភាពបំផុត ហើយរកផលចំណេញបានច្រើន ព្រោះតម្រូវការមាសកើនឡើងសម្រាប់ប្រទេសទិញទុកសម្រាប់ការពារហានិភ័យ»។
សូមជម្រាបជូនថា តម្លៃមាស កាលពីឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានហក់ឡើងបំបែកកំណត់ត្រាខ្ពស់បំផុតត្រឹម ៥៤៨០ ដុល្លារមួយតម្លឹង កើនជាង ៦០% ធៀបនឹងឆ្នាំ ២០២៤។
ជាក់ស្ដែងសម្រាប់ហាងឆេងមាសក្នុងស្រុក នៅតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ គឺតម្លៃលក់ចេញក្នុងមួយជី ៥៦៣ ដុល្លារ ៕
ដោយ៖តារា










