ហ្វីលីពីនរកឃើញឧស្ម័នធម្មជាតិជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានមានប្រសាន៍នៅថ្ងៃចន្ទនេះថា បានរកឃើញឧស្ម័នធម្មជាតិ នៅអណ្តូងមួយជិតវាលឧស្ម័ន Malampaya ដែលមានស្រាប់ នៅក្រៅឆ្នេរកោះ Palawan ដោយនេះជាការរកឃើញឧស្ម័នធម្មជាតិជាលើកដំបូងរបស់ប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍។

លោក Marcos បានបញ្ជាក់ថាអណ្តូងនេះមានឈ្មោះថា Malampaya East One (MAE-1) ហើយត្រូវបានប៉ាន់ប្រមាណថាមានឧស្ម័នប្រហែល ៩៨ ពាន់លានហ្វីតគូប នៅក្នុងដី ដែលស្មើនឹងថាមពលអគ្គិសនីជិត ១៤ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

លោក ប្រធានាធិបតីបាននិយាយក្នុងការបង្ហោះលើ Facebook ថា៖

«លទ្ធផលសាកល្បងដំបូងបង្ហាញថា អណ្តូងនេះអាចបញ្ចេញឧស្ម័នបាន ៦០ លានហ្វីតគូបក្នុងមួយថ្ងៃ។ នេះបង្ហាញថា អណ្តូងនេះមានសក្ដានុពលផលិតបានច្រើនជាងនេះទៀត ហើយបញ្ជាក់ថា វាជាធនធានដែលមានផលិតភាពខ្ពស់ ស្មើនឹងអណ្តូង Malampaya ដើមៗ»។

អណ្តូង MAE-1 ស្ថិតនៅប្រហែល ៥ គីឡូម៉ែត្រ ខាងកើតនៃគម្រោង Malampaya gas-to-power ដែលជាប្រភពឧស្ម័នធម្មជាតិផ្ទាល់ខ្លួនតែមួយគត់របស់ហ្វីលីពីន ហើយបច្ចុប្បន្នក៏កំពុងមានការស្វែងរកបន្ថែមនៅតំបន់ជិតខាងផ្សេងទៀតក្នុងប្លុកដូចគ្នា។

គម្រោងនេះត្រូវបានដំណើរការដោយក្រុមហ៊ុន Service Contract 38 ដែលជាក្រុមហ៊ុនបណ្តាក់ទុនក្នុងស្រុកដែលដឹកនាំដោយ Prime Energy ក្នុងភាពជាដៃគូជាមួយ UC38, PNOC Exploration Corporation និង Prime Oil and Gas Inc.។

ហ្វីលីពីន ដែលជាប្រទេសមានប្រជាជនប្រមាណ ១១០ លាននាក់ និងមានប្រព័ន្ធផលិតអគ្គិសនីដែលពឹងផ្អែកលើ ថាមពលថ្មធ្យូងថ្ម ខ្លាំងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ កំពុងមានបំណងបង្កើនការប្រើប្រាស់ ឧស្ម័នធម្មជាតិ និង ថាមពលកកើតឡើងវិញ សម្រាប់ការផលិតអគ្គិសនី ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង។

យោងតាមទិន្នន័យទីផ្សារ និងរដ្ឋាភិបាល ប្រទេសនេះនៅឆ្នាំ ២០២៥ បានកត់ត្រា ការធ្លាក់ចុះលើកដំបូង នៃការផលិតអគ្គិសនីដោយប្រើថ្មធ្យូងថ្ម ក្នុងរយៈពេល ១៧ ឆ្នាំ ដោយសារការកើនឡើងនៃការផលិតអគ្គិសនីដោយប្រើ ឧស្ម័នធម្មជាតិរាវ (LNG)។

នៅឆ្នាំ ២០២៣ ប្រធានាធិបតី Ferdinand Marcos Jr. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្យាររយៈពេលកិច្ចសន្យាផលិតកម្មសម្រាប់ប្លុកឧស្ម័នធម្មជាតិ Malampaya ចេញទៅទៀត ១៥ ឆ្នាំ និងអនុញ្ញាតឲ្យក្រុមហ៊ុនប្រតិបត្តិការ ធ្វើការខួងអណ្តូងថ្មីៗ ដើម្បីបង្កើនបរិមាណផលិតកម្ម ដែលកំពុងមាននិន្នាការធ្លាក់ចុះ។

...

មុនពេលរកឃើញឧស្ម័នលើកនេះ អ្នកជំនាញបានព្យាករណ៍ថាវាលឧស្ម័ននេះអាចនឹងអស់សមត្ថភាពផលិតត្រឹមឆ្នាំ ២០២៧។ ដោយហេតុនេះ ប្រទេសអាស៊ីអាគ្នេយ៍នេះបានបើកទ្វារទទួលយកការនាំចូល ឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីធានាឲ្យរោងចក្រផលិតអគ្គិសនីដែលប្រើឧស្ម័ននៅតែអាចបន្តដំណើរការបាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print