ទណ្ឌិតចំនួន១១នាក់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយនិងលើកលែងទោស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពន្ធនាគារខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះសាលប្រជុំពន្ធនាគារខេត្ត បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតចំនួន១១នាក់ ក្នុងនោះមានស្រី២នាក់ នៅក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឃូ ពៅ អភិបាលរងខេត្ត តំណាងលោកអ៊ុំ  រាត្រី អភិបាលខេត្ត និងមានការចូលរួមពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត តំណាង លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក ឧត្តមអគ្គារនុរក្សលេខ២  អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត  លោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត ។
លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបានបញ្ជាក់ថាៈ ការបន្ធូរបន្ថយទោសនិងលើកលែងទោសនេះ គឺអនុវត្តទៅតាមច្បាប់ពន្ធនាគារដែលមានការកំណត់ទៅតាមច្បាប់ ហើយទណ្ឌិតទាំងអស់ត្រូវតែអប់រំ កែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អក្រោមការគ្រប់គ្រងរបស់មន្ត្រីអនុរក្សពន្ធនាគារ នៅពេលដែលបងប្អូនបានទួលការអប់រំ កែប្រែខ្លួនក្លាយជាមនុស្សល្អ ក្រុមការងារគណៈកម្មាធិការថ្នាក់ខេត្តប្រជុំវាយតម្លៃរួចហើយបានបញ្ជូនឈ្មោះទៅថ្នាក់ជាតិ បន្ទាប់មកថ្នាក់ជាតិវាយតម្លៃរួចបានឈានដល់ការចេញព្រះរាជក្រឹត្យ បន្ធូរបន្ថយទោសនិងលើកលែងទោស ជាក់ស្តែងក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៦ ព្រះរាជក្រឹត្យបានប្រកាសបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតចំនួន១១នាក់ ក្នុងនោះមានស្រី២នាក់ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យនេះ ។
នាឱកាសនោះ លោកឃូ  ពៅ អភិបាលរងខេត្តបន្ទាយមានជ័យបានផ្តាំផ្ញើដល់ទណ្ឌិតទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាគឺអប់រំកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ នៅពេលដែលអនុវត្តទោសរួចពេលចេញទៅសហគមន៍វិញទៅរស់នៅជាមួយក្រុមគ្រួសារត្រូវគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដោយប្រព្រឹត្តតែអំពើល្អដែលសង្គមគេទទួលស្គាល់ កុំឲ្យមានមុខនៅក្នុងពន្ធនាគារជាលើកទី២ទៀត គឺត្រូវតែខិតខំកែប្រែខ្លួនជាពលរដ្ឋល្អក្នុងសង្គម ដើម្បីកសាងគ្រួសារមួយដ៏ល្អត្រឹមត្រូវ ជួយឲ្យប្រទេសជាតិយើងមានសុខសុវត្ថិភាពនិងមានការរីកចម្រើន  ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print