កម្ពុជាផ្តល់មេដាយសហមេត្រីថ្នាក់ អស្សឫទ្ធិ និងប័ណ្ណសរសើរ ដល់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនលើកទី 20

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះមន្ទីរពេទ្យព្រះកេតុមាលា បានរៀបចំពិធីបំពាក់មេដាយសហមេត្រីថ្នាក់ អស្សឫទ្ធិ និងប័ណ្ណសរសើរជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រកងទ័ពរំដោះប្រជាជនចិនជំនាន់ទី 20 និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនាន់ទី 14 មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពជើងទឹក ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ពួកគេក្នុងការអភិវឌ្ឍ និងសាងសង់ពេទ្យព្រះកេតុមាលា។
លោក ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា បាន អរគុណដល់គ្រូពេទ្យចិន ព្រោះ ក្នុងរយៈពេលបំពេញបេសកម្មនៅកម្ពុជានេះ ក្រុមគ្រូពេទ្យចិនបានជួយផ្ទេរចំណេះដឹង បណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្ត្រដល់គ្រូពេទ្យកម្ពុជា ដោយសម្រេចបានលើផ្នែក ត្រចៀក-ច្រមុះ-បំពង់ក, វះកាត់ភ្នែក, និងផ្នែកវិភាគរូបភាពវេជ្ជសាស្ត្រ។
លោកវេជ្ជបណ្ឌិត លី លី (Li Li) ប្រធានក្រុមគ្រូពេទ្យជំនាញចិនបានបានបង្ហាញការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ តាមរយៈការពិនិត្យជំងឺ និងការវះកាត់ជាក់ស្តែង ជួយពង្រឹងសមត្ថភាពដល់គ្រូពេទ្យកម្ពុជា។
លោក សេង ដាហ្ស៊ី អនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងពិធីនោះថា ការផ្តល់មេដាយសហមេត្រីថ្នាក់ អស្សឫទ្ធិ និងប័ណ្ណសរសើរនេះ គឺជាការបញ្ជាក់ពេញលេញ និងការសរសើរខ្ពស់ចំពោះការលះបង់រយៈពេលមួយឆ្នាំរបស់ក្រុមអ្នកជំនាញចិនចំពោះការងារព្យាបាល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេជាមួយគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យព្រះកេតុមាលា
ដែលស្ថិតនៅក្រោមចំណុះកងយោធពលខេមរភូមិន្ទ។ អស់រយៈពេល ២០ ឆ្នាំមកហើយ យោធាចិន និងកម្ពុជា បានចែករំលែកបទពិសោធន៍ និងពង្រឹងមិត្តភាព តាមរយៈមន្ទីរពេទ្យទូទៅកងយោធពលខេមរភូមិន្ទ ជាវេទិកាមួយ និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនប្រចាំការនៅមន្ទីរពេទ្យជាតំណភ្ជាប់មួយ។ ពួកគេបានប្រមូលផ្តុំបទពិសោធន៍យ៉ាងសម្បូរបែបក្នុងកិច្ចសហប្រតិបត្តិការគាំទ្រផ្នែកវេជ្ជសាស្ត្រ និងសុខភាព និងសម្រេចបានលទ្ធផលផ្លែផ្កា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនើបកម្មសមត្ថភាពគាំទ្រផ្នែកវេជ្ជសាស្ត្រ និងសុខភាពរបស់កងយោធពលខេមរភូមិន្ទ។
លោក យិន សារ៉ាត់ អគ្គនាយករងតំណាងលោក ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លកអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុក្រសួងការពារជាតិកម្ពុជាបានបានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន។ លោកបានមានប្រសាសន៍ថា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនាន់ទី ២០ មកកាន់ប្រទេសកម្ពុជា មិនត្រឹមតែនាំមកនូវគោលគំនិតវេជ្ជសាស្ត្រទំនើប និងបច្ចេកវិទ្យាវិជ្ជាជីវៈដល់ក្រុមគ្រូពេទ្យកម្ពុជា ដែលជួយបង្កើនកម្រិតចំណេះដឹងវិជ្ជាជីវៈរបស់បុគ្គលិកពេទ្យចិនប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនសមត្ថភាព និងទំនុកចិត្តរបស់មន្ទីរពេទ្យព្រះកេតុមាលា ក្នុងវិស័យដូចជា ការព្យាបាលរបួស និងជំងឺ ការគាំទ្រផ្នែកវេជ្ជសាស្ត្រ និងការថែទាំសុខភាព។
លោកបន្តថា ចាប់តាំងពីក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនាន់ទី ២០ បានមកដល់ប្រទេសកម្ពុជានៅដើមឆ្នាំ ២០២៥ ពួកគេបានផ្តោតលើការកែលម្អកម្រិតបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងគុណភាពសាងសង់វិន័យរបស់មន្ទីរពេទ្យទូទៅកងយោធពលខេមរភូមិន្ទ ដោយយកឈ្នះលើការលំបាក។ ក្រុមអ្នកជំនាញក៏បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសេវាកម្មវេជ្ជសាស្រ្តរបស់ប្រទេសកម្ពុជា និងបានបណ្តុះឆ្អឹងខ្នងបច្ចេកទេសតាមរយៈវិធីសាស្រ្តដូចជាការបណ្តុះបណ្តាលជំនាញព្យាបាល ការបង្រៀនជំនាញ ការពិភាក្សាករណី និងការបង្ហាញការវះកាត់ ដោយហេតុនេះរួមចំណែកដល់ការអភិវឌ្ឍវិស័យវេជ្ជសាស្រ្ត និងសុខភាពរបស់ប្រទេសកម្ពុជា៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print