សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តពោធិ៍សាត់ចំពោះការផ្សាយព័ត៌មានមិនពិតថាទាហានសៀមចូលកាន់កាប់នៅស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចកាលពីថ្ងៃមុន

ចែករំលែក៖

ខេត្តពោធិ៍សាត់ , សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តពោធិ៍សាត់ចំពោះការផ្សាយព័ត៌មានមិនពិតថាទាហានសៀមចូលកាន់កាប់នៅស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ចេចកាលពីថ្ងៃមុន។ សូមសាធារណជនមេត្តាតាមដាននិងទទួលយកតែព័ត៌មានពីប្រភពផ្លូវការ និងសូមកុំជឿលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមជនមួយចំនួនដែលនៅក្រៅប្រទេសព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sarath Sun បានចុះផ្សាយលើ គណនីហ្វេសបុករបស់ខ្លួនថា ចូលជ្រៅណាស់ ចូលដោយសេរី បើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ…។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖

១. ស្ពានស្ទឹងមេទឹកដែលពីមុនទាហានសៀមបានរំលោភបំពាន តាមរយៈការកំទេចស្ពានដោយយន្តហោះ F-16 កន្លងទៅនោះ បច្ចុប្បន្នពុំមានទាហានសៀមចូលកាន់កាប់ដូចការចុះផ្សាយរបស់គណនីហ្វេសបុក ឈ្មោះ Sarath Sun ឡើយ។ ជាក់ស្តែងទីតាំងនោះត្រូវបានជំនាញសាធារណការកំពុងធ្វើការជួសជុល និងសម្រួលផ្លូវធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅតាមលំនៅឋានដើមរបស់គាត់វិញ។

២. កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ក៏បាន អមដំណើរ និងបានធ្វើការបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងចំនួន៤ ក្នុងនោះទីតាំងចំនួន ២រួមមាន ចំណុចអូរភ្លុកដំរី និងច្រកជ័យជំនះ(ច្រកផ្លូវ៥៦) មានផលប៉ះពាល់ដោយទាហានសៀមរំលោភឈ្លានពានចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា។ ចំពោះទីតាំងចំនួន២ទៀតរួមមាន ស្ពានស្ទឹងមេទឹកនិងចំណុច(ច១) ត្រូវបានទាហានសៀមរំលោភបំពានដោយការបំផ្លិចបំផ្លាញ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិតែប៉ុណ្ណោះ ពុំមានការរំលោភចូលកាន់កាប់ទឹកដីរបស់កម្ពុជាយើងនោះឡើយ ហើយជាក់ស្តែងនៅក្នុងថ្ងៃនោះដដែល ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់បទសម្ភាសន៍ ជូនទូរទស្សន៍នៅលើទីតាំងស្ពានស្ទឹងមេទឹកផ្ទាល់តែម្តង។

៣. ក្រោយពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងឃុំថ្មដា ស្រុកវាលវែង ដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាពនោះ ត្រូវបានវិលត្រឡប់ទៅកាន់លំនៅឋានដើមគាត់វិញប្រមាណ ៩០%ហើយ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅម្តុំស្ពានស្ទឹងមេទឹកកំពុងរស់នៅជាធម្មតា ហើយ ថែមទាំងបានផលិតអំបោសផ្កាស្មៅលក់ ដើម្បីរួមចំណែកកែលម្អជីវភាពទៀតផង។

៤. រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sarath Sun ដែលជាការផ្សាយមិនពិត ហើយយករូបថតចាស់ពីមុនមកផ្សាយ ក្នុងគោលបំណង ដើម្បីបំផ្លើស ញុះញង់ បំពុលបរិយាកាសសង្គម និងអាចធ្វើឱ្យសាធារណជនមានការយល់ច្រលំ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print