ខេត្តមណ្ឌលគិរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានទទួលសត្វខ្លាដំបង២ក្បាល ពីសប្បុរសជន ដែលបានស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរ ដោយមានគោល បំណងចូលរួមអភិរក្ស និងថែរក្សាសត្វព្រៃ ដែលជាធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិ។
ពិធីប្រគល់សត្វព្រៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដោយបានយកសត្វខ្លាដំបងទាំង ០២ក្បាល ទៅប្រគល់ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដើម្បីបន្តថែរក្សា និងគ្រប់គ្រងតាមនីតិវិធីច្បាប់ជាធរមាន។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា បានសម្ដែងការកោតសរសើរ និងអរគុណយ៉ាងជ្រាល ជ្រៅចំពោះសប្បុរសជន ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមការពារ និងអភិរក្សសត្វព្រៃ ដែលជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងជាមរតកធម្មជាតិដ៏មានតម្លៃ សម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។
លោកស្នងការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដោយមិនចាប់ មិនចិញ្ចឹម មិនជួញដូរ និងមិនបំផ្លាញសត្វព្រៃគ្រប់ប្រភេទ ព្រោះធនធានធម្មជាតិ គឺជាសម្បត្តិរួមរបស់ជាតិ ដែលយើងទាំងអស់គ្នាត្រូវស្រឡាញ់ ថែរក្សា និងអភិរក្សឲ្យបានគង់វង្ស៕










