ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម
ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចុះអ័ព្ទ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ ។
បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និង ឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា ផ្នែកតំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ សីតុណ្ហភាពមានការចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ។ បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ប៉ុន្តែវានឹងរលាយបាត់ទៅវិញនៅម៉ោង ៩៖០០ព្រឹក។ បាតុភូតចុះអ័ព្ទនេះ អាចមានការរំខានដល់អ្នកធ្វើដំណើរ ដែលនាំឱ្យមានការលំបាកក្នុង ការមើលឃើញពីចម្ងាយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
ដោយ ៖ សិលា










