ម៉ា ច័ន្ទបញ្ញា៖ ខ្មែរមានសមត្ថភាពធ្វើបទថ្មី និងអាចជ្រៀតចូលទីផ្សារបរទេសបាននៅ៥ឆ្នាំទៀត

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងដោយការជឿជាក់ជាមួយនឹងបទចម្រៀង Original Song (បទថ្មីដែលមិនលួចចម្លង) តារាចម្រៀងវ័យក្មេង ម៉ា ច័ន្ទបញ្ញាលើកឡើងថា ខ្មែរអាចនឹងបំបាត់ការលួយចម្លងស្នាដៃពីបរទេសបានក្នុងអំឡុង៥ឆ្នាំខាងមុខ បើសន្ទុះនៃការគាំទ្រកាន់តែច្រើនស្របពេលដែលអ្នកនិពន្ធមានឆន្ទៈក្នុងការនិពន្ធបទថ្មី។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីបទចម្រៀងនិពន្ធថ្មីរបស់អ្នកនិពន្ធវ័យក្មេងមួយចំនួនទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកស្តាប់។

លោក ម៉ា ចន្ទ័បញ្ញា ដែលជាតារាចម្រៀងផ្ដោតលើបទនិពន្ធថ្មីបានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំនេះបទចម្រៀងនិពន្ធថ្មីមានការពេញនិយមខ្លាំង ហើយលោករំពឹងថារយៈពេល៥ឆ្នាំទៀត បទចម្រៀងថ្មីរបស់កម្ពុជាថាអាចធ្វើបានដើម្បីប្រកួតប្រជែងនិងចេញទៅក្រៅប្រទេសកាន់តែច្រើន។ លោកថា ការនិពន្ធបទចម្រៀងថ្មីប្រៀបបានទៅនឹងការទុកមរតកសម្រាប់មនុស្សជំនាន់ក្រោយដែលមិនខុសពីតារាចម្រៀងជើងចាស់ក្នុងទសវត្សរិ៍ទី៦០ និង៧០ទេ ដែលពួកគាត់បានបន្សល់ទុកបទចម្រៀងល្អៗសម្រាប់មនុស្សជំនាន់ក្រោយ។ លោកក៏ស្នើឲ្យអ្នកបង្កើតស្នាដៃនិពន្ធថ្មីប្រកបដោយគុណភាព និងបរិមាណឲ្យកាន់តែច្រើន។ លោកបញ្ជាក់ដែរថា ដោយសារបច្ចេកវិទ្យាមានការជឿនលឿនច្រើនទើបបទចម្រៀងថ្មីកាន់តែមានសន្ទុះ និងធ្វើឲ្យអ្នកស្តាប់ចង់បានអ្វីដែលថ្មី។ លោកក៏ស្នើឲ្យអ្នកវិនិយោគលើផ្នែកផលិតបទចម្រៀង និងផ្នែកផ្សេងៗទៀតជួយគាំទ្រលើកស្ទួយស្នាដៃសិល្បៈដែលជាស្នាដៃថ្មីកើតឡើងដោយកូនខ្មែរដើម្បីឲ្យមានស្ថេរភាពក្នុងការបង្កើតបទចម្រៀងថ្មី។

គួរបញ្ជាក់ដែរថា ថ្មីៗនេះលោក ម៉ា ច័ន្ទបញ្ញាទើបនឹងមកពីប្រទេស ឥណ្ឌូណេស៊ី ដើម្បីចូលរួមកម្មវិធី YES Academy ASEAN ដែលរៀបចំដោយស្ថានទូតអាមេរិកជួសមុខឲ្យកម្ពុជា។ លោកត្រូវបានខាងស្ថានទូតអាមេរិកជ្រើសរើសឲ្យទៅចូលរួមកម្មវិធីហ្នឹងក្នុងនាមជាតំណាងកម្ពុជា ក្នុងនាម ជាអ្នកចម្រៀង និង និពន្ធទំនុកច្រៀង។ ម្ចាស់បទ “ម្ចាស់គ្រងសុបិនស្នេហ៍” បានបន្តថា៖ កម្មវិធី YES Academy ASEAN នេះគឺជាកម្មវិធីមួយ ដែលផ្ដោតសំខាន់ទៅលើសិល្បៈ ជាពិសេសគឺផ្ដោតទៅលើសិល្បៈតន្ត្រីតែម្ដង។ លោកអះអាងបន្ថែមថា កម្មវិធីសិល្បៈនេះរៀបចំដោយស្ថានទូតអាមេរិកដែលក្នុងគោលបំណងឲ្យប្រទេស អាស៊ាន ទាំងអស់បានស្វែងយល់ និងសិក្សាពីភាពស្រស់ស្អាតរបស់តន្ត្រីនៃបណ្ដាប្រទេសអាស៊ានទាំងមូល។ លោក ម៉ា ចន្ទ័បញ្ញា បញ្ជាក់ទៀតថា ការចេញទៅលើកនេះ លោកទទួលបានបទពិសោធន៍កាន់តែច្រើនសិក្សាបានច្រើនអំពីការតែងនិពន្ធ ក៏ដូចជាបង្ហាញនូវអ្វីដែលជាសិល្បៈរបស់កម្ពុជាទៅកាន់បរទេសឲ្យគេបានស្គាល់កាន់តែច្បាស់នូវភាពស្រស់ស្អាត និងរស់រវើករបស់សិល្បៈខ្មែរផងដែរ៕

img_9263 img_9257 img_9258 img_9247 img_1741

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print