រាជរដ្ឋាភិបាល សម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ តម្លៃក្រោម ឬស្មើ ឬលើស៧ម៉ឺន និង២១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ តម្លៃក្រោម ឬស្មើ ឬលើស៧ម៉ឺន និង២១ម៉ឺនដុល្លារ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីជូនដំណឺង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លើលិខិតលេខ ១២៩៣០ សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបន្តជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្តទៀត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជន អំពីការបន្តពន្យារការលើកលែងនិង ការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែល មានតម្លៃក្រោម ឬស្មើ ឬលើស ៧ ម៉ឺន និង ២១ ម៉ឺន ដុល្លារអាមេរិក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ដូចខាងក្រោម៖

ក- បន្តពន្យារពេលអនុវត្តសេចក្តីជូនដំណឹងលេខ ០២០ សហវ.ស.ជ.ណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្តីពី ការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់ អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៦ ក៏ទទួលបានការលើកលែងនិងអនុគ្រោះពន្ធ ដូចមានកំណត់ក្នុងចំណុច ខ នៃ សេចក្តីជូនដំណឹងលេខ ០២០ សហវ.ស.ជ.ណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ។

ខ- បន្តពន្យារពេលអនុវត្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចមានកំណត់ក្នុងចំណុច ១ នៃសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យ និងសាធារណជន នឹងយកចិត្តទុកដាក់ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខាន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print