ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក Stéphane Bonamy ប្រតិភូជាន់ខ្ពស់ ICRC បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រតិបត្តិការបំពេញការងារប្រកបដោយសុវត្ថិភាព របស់កាកបាទក្រហមកម្ពុជា” ដោយ មានអ្នកចូលរួមប្រមាណ ៤៧នាក់ រួមមានថ្នាក់ដឹកនាំ មន្ត្រី នៃថ្នាក់កណ្តាល និងមន្ត្រីប្រតិបត្តិមកពីសាខាតាមបណ្តាព្រំដែនរួមមាន ខេត្តសៀមរាប ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។ សិក្ខាសាលានេះត្រូវបានសម្របសម្រួលដោយតំណាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
បើតាមការបញ្ជាក់ពីលោក Stéphane Bonamy បានឱ្យដឹងថា ការចូលរួមរបស់លោកនៅពេលនេះគឺជាថ្ងៃចុងក្រោយនៃបេសកកម្មរបស់លោកនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះលោកថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលកន្លងមកតែងតែផ្តល់កិច្ចសហប្រតិការល្អជាមួយ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ លោកបានគូសបញ្ជាក់ថា ចំពោះប្រតិបត្តិការបំពេញការងារប្រកបដោយសុវត្ថិភាព (SAFER ACCESS )នេះត្រូវបានបង្កើតឡើងដោយសមាគមជាតិនីមួយៗ ដើម្បីបង្កើនការទទួលស្គាល់ និងសន្តិសុខ។ ហើយគោលបំណងសំខាន់នៃការបើកឱ្យមានសិក្ខាសាលានាថ្ងៃនេះគឺដើម្បីឆ្លើយតបទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ។
ក្នុងឱកាសបើកសិក្ខាសាលានេះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលតែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ទាំងបច្ចេកទេស និងថវិកា ចាប់តាំងពីឆ្នាំ១៩៧៩ រៀងមក អស់រយៈពេលជាង៤៧ឆ្នាំ។ ជាពិសេស ក្នុងស្ថានការណ៍ថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ, ICRC បានរក្សាទំនាក់ទំនងយ៉ាងល្អ (តាមរយៈ សារកាកបាទក្រហម Red Cross Messages) រវាងក្រុមគ្រួសារ និងវីរយុទ្ធជន ព្រមទាំងបានសម្របសម្រួលធ្វើមាតុភូមិនិវត្តន៍របស់វីរយុទ្ធជនទាំង១៨រូប ដោយជោគជ័យ និងមានសុវត្ថិភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានេះ អាយ.ស៊ី.អរ.ស៊ី បានសហការយ៉ាងជិតស្និទ្ធជាមួយ កក្រក ក្នុងការបំពេញបេសកកម្មរួមគ្នា ដើម្បីចុះពិនិត្យ និងប៉ាន់ប្រមាណតម្រូវការនៅតាមមណ្ឌលជនភៀសសឹក។ទន្ទឹមនឹងនេះ អាយ.ស៊ី.អរ.ស៊ី ក៏បានឧបត្ថម្ភភួយចំនួន ១៥.០០០ភួយ ដល់ កក្រក សម្រាប់ចែកជូនបន្ត ទៅដល់ជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព និងរដ្ឋបាលខេត្តមួយចំនួន ដើម្បីប្រើប្រាស់ ទៅតាមតម្រូវការចាំបាច់ផងដែរ។
លោកជំទាវអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថាសិក្ខាសាលាក្នុងរយៈពេល២ថ្ងៃនេះនឹងទទួលបានផ្លែផ្កាល្អ ដោយមាន ចំណេះដឹងថ្មីបន្ថែមទៀត និងស្នើសុំមន្ត្រីទាំងអស់ដែលជាសិក្ខាកាមមេត្តាចូលរួមពិភាក្សា ផ្តល់យោបល់ឱ្យបានផុសផុល និងដាក់ជាសំណួរទៅកាន់វាគ្មិនដែលជាអ្នកជំនាញ ដើម្បីឱ្យមានភាពប្រាកដប្រជា ច្បាស់លាស់ នៅពេលចុះទៅបំពេញភារកិច្ចការងារ ឱ្យធានាបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា










