ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមភ្ជង់ប្លន់យកម៉ូតូឌ្រីម ០១៥ ពីបុរសម្នាក់ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង11និង40នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ៣០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រុំប្រទល់និង សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ជនរងគ្រោះឈ្មោះ ស្រី វឌ្ឍនា ភេទប្រុសអាយុ៣៦ឆ្នាំ ។
តាមការៀបរាប់ពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរួបគាត់បានចេញពីធ្វើការម្តុំផ្សារទួលពង្រ ហើយបានជិះម៉ូតូតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងបំណងទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូស្មាស់ មួយគ្រឿង មិនចាំស្លាក់លេខប្រដាប់ដោយកាំភ្លើងខ្លីមិនចាំម៉ាកមួយដើម បានជិះគៀរអោយឈប់ ហើយដកកាំភ្លើងពីចង្កោះភ្ជង់គំរាមមិនអោយស្រែក រួចយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅ តែសមត្ថកិច្ចបានដេញជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រៃសវិញ ព្រោះដោយសារតែកន្លែងកើតហេតុនៅជាប់ព្រំប្រទល់នឹងសង្កាត់ព្រៃស ភ្លាមនោះជនរង គ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រៃសទៀត តែសមត្ថកិច្ចនៅតែមិនព្រមទទួលពាក្យបណ្តឹងដោយរុញដាក់គ្នាទៅវិញទៅមក ។
បន្ទាប់មកទើបជនរងគ្រោះបានជិះទៅផ្ទះវិញទាំងអស់សង្ឃឹមលើសមត្ថកិច្ចដោយសារ តែសមត្ថកិច្ចមិនព្រមទទួលពាក្យបណ្តឹងបែបនេះ ៕
ដោយ៖ សុខា សែនជ័យ