បុគ្គលិករោងចក្រដៃស្អិតលួច Tablet និង Laptop យកទៅលក់សងលុយម៉ូតូ ត្រូវកាមេរ៉ាសុវត្ថិភាពចាប់បាន

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងឲ្យដឹងព្រឹកថ្ងៃទី ២២ខែមករា ឆ្នាំ ២០២៦នេះថា បុគ្គលិករោងចក្រម្នាក់បានធ្វើសកម្មភាពលួចយក Tablet និងកុំព្យូទ័រយួរដៃ (Laptop) របស់ក្រុមហ៊ុនជាបន្តបន្ទាប់ ដើម្បីយកទៅលក់បានប្រាក់បង់រំលស់ម៉ូតូ តែចុងក្រោយគេចមិនផុតពីភ្នែកកាមេរ៉ាសុវត្ថិភាព ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២០ មករា ២០២៦ វេលាម៉ោង៩ ព្រឹក នៅចំណុចរោងចក្រ EVERLURS CO.LTD ស្ថិតក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ ខ្លួនមានឈ្មោះ ហម រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ មុខ របរបុគ្គលិករោងចក្រ ស្នាក់នៅផ្ទះជួលភូមិក្រាំងទ្រា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកឯជន រងគ្រោះតំណាងក្រុមហ៊ុនមានឈ្មោះ ខន គឹមហួរ ភេទ ប្រុស អាយុ ២៨ឆ្នាំ។ វត្ថុតាងដែលដកហូតបានរួមមាន កុំព្យូទ័រយួរដៃ១គ្រឿង ម៉ាក Lenovo (របស់ក្រុមហ៊ុន) និងទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone X (របស់ជន សង្ស័យ)។ រីឯសម្ភារដែលបាត់បង់គឺ Tablet ម៉ាក Lenovo ចំនួន៤គ្រឿង។

សមត្ថកិច្ចបន្ថែមថា នៅថ្ងៃទី៣ មករា ២០២៦ ជនរង គ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានគេលួចសម្ភារក្នុងឃ្លាំង។ ក្រោយមកកម្លាំងជំនាញបានសហការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតដល់ថ្ងៃទី២០ មករា ២០២៦ ក៏កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីថ្ងៃអាទិត្យទី២៨ ធ្នូ ២០២៥ ខ្លួនបានលួចយក Tablet ចំនួន៤គ្រឿងពីក្នុងឃ្លាំង យកទៅលក់នៅម្ដុំស្ពានអាកាសចោមចៅបានប្រាក់២០០ដុល្លារ ដើម្បីយកទៅបង់រំលស់ម៉ូតូ។ លុះ ដល់ថ្ងៃទី១៤ មករា ២០២៦ ខ្លួនបានយក Laptop របស់ក្រុមហ៊ុន១គ្រឿងទៀត ទៅដាក់បញ្ចាំនៅផ្សារកំពង់កន្ទួតបានប្រាក់៣០ដុល្លារ។

...

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print