ខេត្តកណ្តាល÷ ស្ត្រីវ័យចំណាស់ម្នាក់ដែលលួចលាក់ធ្វើសកម្មភាពដើរកត់ឆ្នោតវៀតណាម (ល្បែងស៊ីសងខុសច្បាប់) យ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២១ មករា ២០២៦ វេលាម៉ោង១៤ និង១៥នាទី នៅចំណុចភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហេង អេង ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ចំពោះវត្ថុតាងដែលដក ហូតបានរួមមាន លុយខ្មែរចំនួន១១.៥០០រៀល, ក្រដាសសៀវភៅកត់លេខឆ្នោត១សន្លឹក, ក្រដាសរ៉ាមសម្រាប់កត់លេខឆ្នោត១ដុំតូច, ប៊ិច២ដើម និងទូរស័ព្ទដៃ១គ្រឿង។
លោកអធិការបានបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចថា មានសកម្មភាពលក់ឆ្នោតវៀតណាម និងកត់កន្ទុយលេខនៅចំណុចកើតហេតុ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅដល់ទីតាំង និងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង អេង បានជាក់ស្តែងតែម្តង។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










