ភ្នំពេញ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ម្សិលមិញនេះ បានអនុញ្ញាតឱ្យលោកស្រី បណ្ឌិត Rebecca Miller អ្នកសម្របសម្រួលថ្នាក់តំបន់ផ្នែកជួញដូរមនុស្ស និងរត់ពន្ធជនចំណាកស្រុក នៃការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង UNODC និងកម្ពុជា។ លោកសន្តិបណ្ឌិតបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់ UNODC បានគ្របដណ្តប់លើកិច្ចការសំខាន់ៗ រាប់ទាំងការគាំទ្រដល់កិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។ លោកសន្តិបណ្ឌិត បានបន្ថែមថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានភាពប្រទាក់ក្រឡាគ្នាជាមួយអំពើជួញដូរមនុស្ស ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម ឃាតកម្ម និងបទល្មើសគ្រឿងញៀន ជាដើម ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិទាំងមូល។
ទន្ទឹមនេះ លោកសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានគិតគូរ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាទាំងនេះ ដោយអនុវត្តវិធានការច្បាស់លាស់ និងតឹងរឹងក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រាប់បញ្ចូលទាំងកិច្ចខិតខំលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រប់តួអង្គ និងភាគីពាក់ព័ន្ធចាំបាច់ត្រូវសហការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងផ្តល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវដើម្បីវែកមុខមេក្លោង និងបណ្តាញអង្គការចាត់តាំងឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។
ជាកិច្ចឆ្លើយតប លោកស្រីបណ្ឌិត Berecca Miller បានថ្លែងអំណរគុណដែលបានអនុញ្ញាតឱ្យលោកស្រីបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ លោកស្រី ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ទៅលើការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកស្រីបានគូសបញ្ជាក់ថា UNODC គាំទ្រកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលយ៉ាងពេញទំហឹងលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ និងបានបន្ថែមថា គ្មានប្រទេសណាមួយដែលអាចដោះស្រាយបញ្ហានេះដោយខ្វះតម្រូវការកិច្ចសហប្រតិបត្តិការឡើយ។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាគ្នា ជំហានបន្ទាប់លើការងារបណ្តុះបណ្តាល ការកសាងសមត្ថភាព លើកកម្ពស់ការផ្សព្វផ្សាយនិងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
ដោយ៖តារា










