ខ្សែប្រយុទ្ធ Trinity Rodman របស់សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំជាមួយក្រុមបាល់ទាត់ Washington Spirit របស់ NWSL ដែលនឹងធ្វើឱ្យនាងក្លាយជាកីឡាការិនីបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក។
ក្លឹប Spirit បានប្រកាសពីការចុះហត្ថលេខានៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយចាត់ទុកវាថា “កិច្ចសន្យាដ៏សំខាន់បំផុតមួយនៅក្នុង NWSL និងការប្រកួតបាល់ទាត់របស់ស្ត្រីទូទាំងពិភពលោក ដែលឆ្លុះបញ្ចាំងទាំងឋានៈវរជនរបស់ Rodman និងតួនាទីរបស់ក្រុម Spirit ជាអ្នកកាន់ស្តង់ដារពិភពលោកនៅក្នុងវិស័យកីឡាបាល់ទាត់ស្ត្រី” ។
ភ្នាក់ងាររបស់ Rodman គឺលោក Mike Senkowski បានប្រាប់ សារព័ត៌មាន ESPN ថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ប្រាក់ឈ្នួលដល់ Rodman ច្រើនជាង 1 លានដុល្លារក្នុងមួយឆ្នាំ ដែលធ្វើអោយនាងក្លាយជាកីឡាការិនីដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃក្របខណ្ឌ National Women’s Soccer League និងជាកីឡាការិនីដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។
Aitana Bonmati របស់ Barcelona ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or បីសម័យកាល ត្រូវបានគេរាយការណ៍ថាជាកីឡាការិនីបាល់ទាតើដែលមានប្រាក់ខែខ្ពស់បំផុតពីមុន។
Rodman ជាកូនស្រីរបស់អតីតតារាបាលើបោះ NBA លោក Dennis Rodman ផ្តើមជោគជ័យនៅអាយុ 18 ឆ្នាំក្នុងឆ្នាំ 2021 និងទទួលបានពានរង្វាន់ Rookie of the Year ខណៈដែលក្រុម Spirit បានឈ្នះពានរង្វាន់ NWSL ជាលើកដំបូងរបស់ពួកគេ៕










