ខេត្តកំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានស្នើដល់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម លោក លោកស្រី ប្រធានចុះជួយសង្កាត់ទាំង៤ សុំបន្តធ្វើវេទិកាសាធារណៈ ឱ្យបានគ្រប់សង្កាត់ ដើម្បីស្រង់តម្រូវការរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាន់ពេលវេលា ហើយក៏ជាការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈវេទិកានេះ។
ការថ្លែងបែបនេះ នៅក្នុងឱកាសលោក អ៊ុន ចាន់ដា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រាជរដ្ឋាភិបាលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការ ប្រចាំការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម លោកស្រី ស៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម និងឯកឧត្តម សេះ ពុនយ៉ាមីន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុម ការងារចុះមូលដ្ឋានក្រុងកំពង់ចាម។
លោកអភិបាលខេត្តកំពង់ចាម បានលើកឡើងថា កន្លងមក ការងារដោះស្រាយនូវតំរូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាចំគោលដៅ ដោះស្រាយមានប្រសិទ្ធភាពខ្ពស់ គឺការធ្វើវេទិកាសាធារណៈតាម ឃុំ សង្កាត់ ដែលប្រជាពលរដ្ឋអាចលើកឡើង ជួបផ្ទាល់ជាមួយក្រុមការងារ ចុះជួយតាមសង្កាត់ អាចបានដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈនេះ ដូច្នេះសូមឱ្យ អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម ប្រធានក្រុមការងារ ចុះមូលដ្ឋាន សង្កាត់ បន្តធ្វើវេទិកាសាធារណៈឱ្យបានញឹកញាប់ ដើម្បីរួមចំណែក លើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែធូរធារ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ត្រូវតាមដានត្រួតពិនិត្យលើការងាររបស់ចៅសង្កាត់រាល់ការអភិវឌ្ឍតាមសង្កាត់ ទាំងអស់ និងការតាមដានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿនរហ័សទាន់ពេលវេលា សម្រាប់ឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់។
លោក បានណែនាំដល់ក្រុមការងារត្រូវធ្វើអំពើល្អចុះជួយផ្តល់ការឧបត្ថម្ភផ្សេងៗ ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជីវភាពឱ្យពួកគាត់រួចផុតពីភាពក្រីក្រ។
ឯកឧត្តម ក៏បានស្នើដល់ ក្រុមការងារ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាម ភូមិ សង្កាត់ ទាំងអស់ពីការអភិវឌ្ឍក្នុងក្រុងកំពង់ចាម ដែលបច្ចុប្បន្នខាងក្រុមហ៊ុនកំពុងដុតដៃដុតជើង រួសរាន់ កសាងផ្លូវឡើងវិញ ក្នុងនោះការងារអភិវឌ្ឍនេះ ខាងក្រុមហ៊ុន នឹងបិទបញ្ចប់ ធ្វើផ្លូវទាំងអស់ក្នុងក្រុងកំពង់ចាម មុនពិធីចូលឆ្នាំខ្មែរ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមានអធ្យាស្រ័យ មានការយោគយល់អត់ធ្មត់បន្តិចដើម្បីយើងទាំងអស់គ្នាទទួលបានទីក្រុងឆ្លាតវៃ ទីក្រុងដែលស្អាតជាងគេ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម










