ភ្នំពេញ ៖ ករណីបុរសជនជាតិចិន ដែលស្លាប់នៅក្នុងរថយន្តម៉ាកតូយ៉ូតាព្រូស នៅត្រង់ចំណុចមុខផ្ទះលេខP៩២ ផ្លូវA បុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៦នោះ ត្រូវបានដឹងមូលហេតុ និងស្គាល់អត្តសញ្ញាណហើយ ។
បុរសនោះឈ្មោះ ZHENG CHAOSEN អាយុ៥៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រ កាន់លិខិតឆ្លង ដែនលេខEE.. ស្នាក់នៅផ្ទះលេខP៩២ ផ្លូវA បុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹសនោះ។ សមត្ថកិច្ចសង្ស័យថា គាត់មិនស្រួលខ្លួនខ្លាំង ហើយខំប្រឹងបើករថយន្តទាំងត្រដាបត្រដួសចេញពីកន្លែងណាមួយ រហូតដល់មុខផ្ទះ ក៏ដាច់ខ្យល់ស្លាប់តែម្ដង ។
បើតាមបុរសឈ្មោះ ZHENG WEIHAO អាយុ៣១ឆ្នាំ ជនជាតិចិន ត្រូវជាកូនប្រុសបង្កើតរបស់អ្នកស្លាប់ បានបំភ្លឺប្រាប់នគរបាលថា ខ្ញុំ និងឪពុករស់នៅក្នុងផ្ទះខាង លើជាមួយគ្នា ហើយនៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ខ្ញុំ និងឪពុកបានទៅផឹកស៊ីនៅ ផ្ទះមិត្តភក្តិ នៅឯបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។ រហូតដល់វេលាម៉ោងប្រហែល០១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ទើបខ្ញុំនិងឪពុកឈប់ផឹក រួចបើករថយន្តត្រលប់មកដល់ផ្ទះវិញ ហើយខ្ញុំបានចុះពីលើរថយន្ត ចចូលទៅក្នុងផ្ទះ ចំណែកឪពុកខ្ញុំ បានបើករថយន្តចេញទៅបាត់ មិនដឹងថា គាត់ទៅណានោះទេ។ លុះដល់វេលាម៉ោងប្រហែល០៤និង៤០នាទីទៀបភ្លឺ ស្រាប់តែមានសន្តិសុខបុរីទៅគោះទ្វារផ្ទះខ្ញុំ ហើយខ្ញុំ បានបើកទ្វារទៅមើលរថយន្ត ស្រាប់តែឃើញឪពុកខ្ញុំ ស្លាប់នៅក្នុងរថយន្តនៅខាងមុខផ្ទះបាត់ទៅហើយ ។
បើយោងតាមការបញ្ជាក់ពីលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមតុលាការរាជធានីភ្នំពេញ និងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសនេះស្លាប់ដោយដោយគាំងបេះដូង ចំណែកសាកសព ត្រូវបានដឹកយកទៅតម្កល់នៅឈាបនដ្ឋានវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមរម្លឹកថា នៅវេលាទៀបភ្លឺនោះ សន្តិសុខយាមបុរីពិភពថ្មីកួរស្រូវ២ បានដើរល្បាត ស្រាប់តែឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-2507 ចតចោលជាប់បង្គោលភ្លើងថ្ម ហើយម៉ាស៊ីរថយន្តនៅឆេះនៅឡើយ។ ដោយមានការងឿងឆ្ងល់ សន្តិសុខខាងលើ ក៏បានដើរទៅមើលជិត ឃើញកញ្ចក់ទ្វាររថយន្តចំហរ ហើយពេលពិនិត្យមើលថែមទៀត ស្រាប់តែឃើញបុរសជនជាតិចិនម្នាក់នោះដេកស្លាប់នៅក្នុងរថយន្តបាត់ទៅហើយ ចំណែករថយន្តនោះ បានរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
ខណៈនោះ សន្តិសុខបានទៅគោះទ្វារផ្ទះហៅកូនប្រុសជនរងគ្រោះ ឲ្យទៅមើលឪពុក រួចរាយការប្រាប់ឲ្យនគរបាលបានដឹង បន្ទាប់មកទៀត កម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹស និងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះទៅកាន់ទីនោះភ្លាមៗ ធ្វើការចងខ្សែហ៊ុមព័ទ្ធទីតាំងកើតហេតុ ។
ក្រោយមកនគរបាល ក៏រាយការណ៍ជូនលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ និងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យ ទើបដឹងច្បាស់ថា បុរសនេះស្លាប់ដោយដោយគាំងបេះដូងទេ មិនមែនគ្រោះថ្នាក់ចរាចរណ៍ឡើយ ៕










