ភ្នំពេញ÷ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំ ការិយាល័យ និងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាន ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា ដោយសហការជាមួយ កម្លាំងនគរបាលក្រុងតាខ្មៅ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ២ នាក់ ( ប្រុស និង ស្រី ) ជនជាតិវៀតតណាម ដល់ក្នុងបន្ទប់ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀល ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ចំនួន៣ ករណី ដូចខាងក្រោម÷
ករណីទី ១ ៖ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ នាទី ជនសង្ស័យបាន ធ្វើសកម្មភាព លួចប្ដូរមាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់ លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២ជីកន្លះ ។
ករណីទី ២ ៖ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជនសង្ស័យ បានធ្វើ សកម្មភាពលួចប្ដូរ មាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាសយីហោ ហេង មានលាភ ផ្ទះលេខ១៩អឺ០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២តម្លឹង ។
ករណីទី ៣ ៖ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ១៣:៣០ នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុច ហាងមាស ផ្ទះលេខ ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែកទម្ងន់ ២តម្លឹង ។
ជនសង្ស័យ ៖
១- ឈ្មោះ ង្វ្រៀន ស៊ីធូ ភេទ ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាពន្ធនាគារច្រើនលើក)
២- ឈ្មោះ ង្វ្រៀន យ៉ាងជា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណ៉ំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងតាមនីតិវិធី ៕










