លោក ប៊ុន ហុន អញ្ជើញ ជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិកា រ ក្រសួង មហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញ ជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយមានការ អញ្ជើញ ចូលរួម ពី លោក អនុរដ្ឋលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន នាយ នាយរងការិយាល័យ និងបណ្តាស្នងការដ្ឋាន រាជធានី ខេត្ត អធិការដ្ឋាននគរ បាល ក្រុង ស្រុក ខណ្ឌ និង លោក លោកស្រី តំណាងអគ្គនាយដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ តំណាង អភិបាល គណៈអភិបាល រាជធានី ខេត្ត ព្រមទាំង មន្ត្រី ពាក់ព័ន្ធ ចំណុះអគ្គស្នងការនគរបាលជាតិជារូបទៀតផងដែរ ។

លោក ប៊ុន ហុន រដ្ឋលេខាធិការ បានមានប្រសាសន៍ថាថ្ងៃនេះពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ពង្រឹងការយល់ដឹងរួម និងការអនុវត្តឱ្យបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

លោក រដ្ឋលេខាធិការ ក៏បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំលោក លោកស្រី តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីនគរបាលជាតិ និងតំណាងវិស័យឯកជនទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដ៏មានសារសំខាន់នេះ។ ជាមួយគ្នានេះសូមអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តួចផ្តើម និងរៀបចំនូវសិក្ខាសាលា នេះឡើងដេីម្បីផ្តល់ឱកាសឱ្យអាជ្ញាធរមានសមត្ថកិច្ច និងតួអង្គនៃវិស័យឯកជនពាក់ព័ន្ធ បាន យល់ដឹងពីខ្លឹមសារ នៃអនុក្រឹត្យខាងលើ និងជាពិសេស យល់ច្បាស់អំពីតួនាទីភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួន នៅក្នុងការអនុវត្តអនុក្រឹត្យខាងលើនេះ ។

ក្នុងនោះដែរ លោក លី សុផាណា អនុរដ្ឋលេខាធិការ បានធ្វេីបទបង្ហាញអនុក្រឹត្យស្តីពី ការគ្រប់គ្រង សន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនលោករដ្ឋលេខាធិការ ជាប្រធានគណៈអធិបតី និង អង្គសិក្ខាសាលាបានជ្រាប ។

ជាថ្មីម្តងទៀត លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ជូនអង្គសិក្ខាសាលាជ្រាបថា ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ មិនមែនជាភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចតែមួយប៉ុណ្ណោះទេប៉ុន្តែជាការទទួលខុសត្រូវរួមរវាងអាជ្ញាធរដែនដី មន្ត្រីមានសមត្ថកិច្ច ម្ចាស់ទីតាំង អ្នកគ្រប់គ្រង និងអ្នក ស្នាក់នៅ ដែលត្រូវធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធនិងមានវិន័យ ក្នុងន័យនេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងរដ្ឋបាល ដោយផ្តោតលើការចុះត្រួតពិនិត្យវត្តមានស្នាក់នៅ ការកត់ត្រាអត្តសញ្ញាណអ្នកស្នាក់នៅ ការគ្រប់គ្រងជនបរទេស និងការធានាឱ្យមានការរាយការណ៍ទាន់ពេលវេលា ចំពោះសកម្មភាពសង្ស័យ ឬការប្រែប្រួលមិនប្រក្រតីនៅក្នុងទីតាំងរស់នៅប្រមូលផ្តុំ ។

លោក ប៊ុន ហុន រដ្ឋលេខាធិការ បានបន្តថាជាមួយគ្នានេះដែរ កងកម្លាំងនគរបាលជាតិមានសមត្ថកិច្ច ត្រូវបន្តពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន និងបទល្មើស ផ្សេងទៀតដោយប្រើប្រាស់វិធាន ការច្បាប់យ៉ាងតឹងរឹង គ្មានការលើកលែង និងគ្មានការអត់ឱន ចំពោះអំពើខុសច្បាប់ណាមួយ ឡេីយ ។

ជាទីបញ្ចប់ លោករដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នឹងអនុវត្ត តួនាទីភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធខាងលើដោយព្រមគ្នានិងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ ប្រសិទ្ធភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ៕

...

ប្រភព ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print