ខេត្តកំពង់ឆ្នាំង÷ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីលួចកាត់ខ្សែភ្លើង ដករហូតឧបករណ៍ជក់គ្រឿង ញៀន នៅក្នុងស្រុកសាមគ្គីមានជ័យ ។
របាយការណ៍របស់លោកអធិការស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០និង០៥ នាទីកម្លាំងសមត្ថកិច្ចបានទទួលពាក្យ បណ្ដឹងពីឈ្មោះ សឿង ស្រីមុំ ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងថា នៅថ្ងៃទី២២ខែមករាឆ្នាំ២០២៦ វេលាម៉ោង ៥និង៣០នាទី គាត់ងើបពីដេកហើយដើរហាត់ ប្រាណ ដោយភ្លើងផ្ទះរបស់គាត់ដាច់ ហើយក៏ដើរទៅមុខផ្ទះរបស់គេមានភ្លើង ហើយក៏មានការសង្ស័យ គាត់ក៏ បានដើរទៅមើលបង្គោលភ្លើង ស្រាប់តែមានស្នាមកាត់ ផ្ដាច់ ខ្សែភ្លើងចេញពីបង្គោលទើបដឹងថា មានចោរលួចកាត់ខ្សែភ្លើងសរុបប្រហែល៣០ ម៉ែត្រ ។
ក្រោយពីទទួលពាក្យបណ្ដឹង នៅថ្ងៃទី២៤ខែមករា ឆ្នាំ
២០២៦ កម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់មានឈ្មោះ១-ឈ្មោះវ៉ាន វ៉េន ភេទប្រុស អាយុ 26ឆ្នាំ,២-ឈ្មោះស្រេង ថារ៉ាក់ភេទប្រុស អាយុ20ឆ្នាំ និង ៣-នឈ្មោះ យ៉ែម មករា ភេទប្រុស អាយុ 23ឆ្នាំ ទាំង៣នាក់ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវសមត្ថកិច្ច នគរបាលជំនាញយកមកសាកសួរ ហើយជនសង្ស័យ ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ឈ្មោះ សឿង ស្រីមុំ ពិតមែន។
នៅក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាង:រួមមាន:-ម៉ូតូ 01គ្រឿង -កូនសោរ និងដែកដង្គាប់មួយចំនួន -ស្លាកលេខម៉ូតូ មួយសន្លឹក-ទូរស័ព្ទ ម៉ាកoppo01គ្រឿង -ខ្សែភ្លើង 01ខ្សែ-កាំបិតផ្គាក់02ដើមនិង -ឧបករណ៍ជក់គ្រឿងញៀន មួយចំនួន។
ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះមាន
ការសម្របសម្រួលពីព្រះរាជអាជ្ញានិង លោកសេនីយ៍ទោស្នងការខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំង៣នាក់ដើម្បី កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕










