ខេត្តកណ្ដាល៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូជ្រុលទៅធ្លាក់ចូលក្នុងព្រែកកាលពីវេលាម៉ោង៣ៈ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១១០ ត្រង់ចំណុចស្ពានលេខ១៥ ភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ត ម៉េងហួ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AV -5184 ។
បើតាមប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុខាងលើវេលាម៉ោងប្រហែល៣និង៣០នាទីទៀបភ្លឺ មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AV-5184 បើកពីជើងទៅត្បូង(តាខ្មៅ-ជ្រៃធំ) ពេលជិះមកដល់កន្លែងកើតហេតុស្រាប់តែធ្លាក់ចូលទៅក្នុងព្រែកវត្តពោធិ ស្ថិតនៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បណ្តាលអោយស្លាប់នៅនឹងកន្លែងកើត។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញ សហការជាមួយប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ចុះទៅពិនិត្យនិងវាស់វែង រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕











