កម្លាំងសមត្តកិច្ចនៃអធិការដ្ឋាននគរបាលស្រុកក្រគរសហការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយអនុវត្តបទបញ្ជាដ៏ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៥និង១០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ បានសហការចុះបង្ក្រាបករណីលួចម៉ូតូ នៅចំណុចមុខផ្ទះរបស់ឈ្មោះ យ៉ុន សារ៉ាន់ ស្ថិតនៅភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យន់ សារឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរបកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឃុំ កើតហេតុខាងលើ។

មន្ត្រីនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ យន់ សារឿន បានរៀបរាប់ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៤និង៣០នាទី ខ្លួនបានជិះម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ2016 ស្លាកលេខពោធិ៍សាត់1G-5422 ដើម្បីទៅទិញមីនៅផ្ទះរបស់ឈ្មោះ យ៉ុន សារ៉ាន់​។ ពេលមកដល់ខ្លួនពុំបានដកសោរម៉ូតូទេ​ ហើយចូលរើសអីរ៉ាន់ និងទិញមីស្រាប់តែឃើញបុរសពីរនាក់ពាក់មួកសុវត្ថិភាពនិងអាវដៃវែងពណ៌ខ្មៅ ជិះសង់ពណ៌ខ្មៅ​ តែខ្លួនមិនចាំស្លាកលេខ និងឆ្នាំផលិត ឈប់ម៉ូតូក្បែរម៉ូតូរបស់ខ្លួនហើយសួររកទិញបារី និងភេសជ្ជៈស្ទីង។

ស្ត្រីម្ចាស់ម៉ូតូបន្តថា ដោយសារអ្នកលក់គាត់ចាស់មិនស្គាល់ភេសជ្ជៈ​ ទើបខ្លួនទៅជួយរកស្រាប់តែបុរសម្នាក់ក្នុងចំណោមបក្សពួកនោះបានយកម៉ូតូរបស់ខ្លួនជិះចេញទៅទិសខាងកើតតាមបណ្ដោយផ្លូវជាតិលេខ៥​ ភ្លាមនោះខ្លួនក៏រត់ដេញចាប់តែមិនទាន់​ ខ្លួនបានស្រែកឆោឡោទើបដឹងដល់ប្រជាការពារភូមិហៅតេអូរតៗគ្នាឲ្យជួយចាប់ចោរលួចម៉ូតូរបស់ខ្លួន។

ក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ចតាមដងផ្លូវក៏ឃាត់ ខ្លួន ជនសង្ស័យឈ្មោះ ជា រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្រុកកំណើតភូមិទួលលាន ឃុំជ័យកំពក ស្រុកព្រះស្ដេចខេត្តព្រៃវែង​ និងវត្ថុតាងដកហូត​ ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ 2016 ស្លាកលេខពោធិ៍សាត់1G-5422 មួកសុវត្ថិភាពពណ៌ខ្មៅចំនួន១​។ ក្រោយធ្វើការបង្រ្កាបរួចសមត្ថកិច្ចបានប្រគល់វត្ថុតាងជូនជនរងគ្រោះវិញ។

...

ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជាលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៥ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៥ និង២៣នាទី ដើម្បីបញ្ជូនទៅខេត្តអនុវត្តនីតិវិធីបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print