កម្លាំងឧទ្យានុរក្សសហការជាមួយកងរាជអាវុធហត្ថ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅកោះកុង

ចែករំលែក៖

ខេត្តកោះកុង: មន្ទីរបរិស្ថានខេត្តកោះកុង បានបន្តពង្រឹងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ដោយកម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីរសៀលម្សិលមិញបានដឹកនាំកម្លាំងចុះល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ នាពេលកន្លងមកនេះ។

ក្នុងឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកតាចាន់ ក្រុមការងារបានរកឃើញ និងដកហូតរណារយន្តធុនតូច ចំនួន ៣គ្រឿង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ វត្ថុតាងទាំងនេះ ត្រូវបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកតាចាន់ ដើម្បីបន្តនីតិវិធីតាមច្បាប់។

ដោយឡែក នៅដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង កម្លាំងមន្រ្តីឧទ្យានុរក្ស បានរកឃើញ និងដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃ ចំនួន ៧៥ខ្សែ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ វត្ថុតាងអន្ទាក់ទាំងនេះ ត្រូវបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង។

សកម្មភាពខាងលើ បង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ទីរបរិស្ថានខេត្តកោះកុង និងកម្លាំងពាក់ព័ន្ធ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារជីវចម្រុះសត្វព្រៃ ឲ្យមានប្រសិទ្ធភាព និងបន្តអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្ស៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print