សារព័ត៌មាន Reuters បានដកស្រង់ការបញ្ចាក់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ថាអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Hae-chan បានទទួលមរណភាពនៅអាយុ ៧៣ឆ្នាំ នៅក្នុងទីក្រុង Ho Chi Minh។
នៅក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា រដ្ឋាភិបាលវៀតណាមបានឱ្យដឹងទៀតថាលោក Lee បានទទួលមរណភាពដោយសារ រោគាពាធ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រសួងការបរទេសវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការប្រជាជន នៃទីក្រុង Ho Chi Minh និងអាជ្ញាធរពាក់ព័ន្ធដើម្បីផ្ដល់ការថែទាំវេជ្ជសាស្ត្រសម្រាប់លោក Lee Hae-chan នៅក្នុងទីក្រុង Ho Chi Minh។ តែទោះជាបែបនេះក្ដី ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ លោក Lee Hae-chan បានទទួលមរណភាព»។
តាមសេចក្ដីថ្លែងការណ៍ខាងលើ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងថ្នាក់ដឹកនាំវៀតណាមដទៃទៀត បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ មរណភាពរបស់លោក Lee Hae Chan ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង និងក្រុមគ្រួសាររបស់លោក Lee៕
រូបថត: YONHAP










