សិស្សជាង៣០ម៉ឺននាក់​ ទទួល​បានកម្មវិធីផ្តល់អាហារតាមសាលារៀន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួនជាង​ ១ពាន់សាលា

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានរួមចំណែកដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស តាមរយៈការផ្ដល់អាហារពេលព្រឹកដល់កុមារ នៅតាមសាលាបឋមសិក្សាគោលដៅខាងលើក្នុងឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីនេះ​ បានប្រើប្រាស់កសិផលក្នុងសហគមន៍ និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ដែលមានសិស្សទទួលផលសរុបជាង ៣០ម៉ឺននាក់ នៅតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង។

បើតាមរបាយការណ៍ក្រុមប្រឹក្សាជាតិ គាំពារសង្គម សាលារៀនគោលដៅចំនួន ៨១៦ សាលា ដែលមានសិស្សទទួលផលប្រមាណ ២៣ម៉ឺននាក់ បានអនុវត្តគម្រោងដោយប្រើប្រាស់ថវិកាជាតិ។ ចំណែក សាលាចំនួន ២៩៨ និងសាលាផ្សេងទៀត កំពុងអនុវត្តកម្មវិធីស្បៀងអាហារពិភពលោក។

កម្មវិធីនេះ ផ្តល់អាហារក្តៅៗពេលព្រឹកដល់សិស្សដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សាសាធារណៈ ក្នុងតំបន់ គោលដៅនៃខេត្តចំនួន ១០ រួមមាន ខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, បាត់ដំបង, ស្ទឹងត្រែង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់ និងឧត្តរមានជ័យ ដែលមានសិស្សទទួលផលប្រមាណ ៣០០ ០០០នាក់។ ការចម្អិនអាហារនេះ បានប្រើប្រាស់កសិផលក្នុងសហគមន៍រួមមាន អង្ករ បន្លែផ្លែឈើ និងត្រីសាច់ ជាដើម ដែលត្រូវបានផ្តល់ដោយអ្នកផ្គត់ផ្គង់ដែលទទួលបានកុងត្រាក្នុងការផ្គត់ផ្គង់ជាប្រចាំនៅតាម សាលារៀនដោយផ្ទាល់។

កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីជាតិជំនួយសង្គមមួយ ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីជាតិនៅឆ្នាំ២០១៩ ។ កម្មវិធីនេះ មានគោលបំណងរួមចំណែកដល់ការអភិវឌ្ឍ មូលធនមនុស្ស តាមរយៈការផ្តល់អាហារក្តៅៗមានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ ក៏ដូចជាក្នុងតំបន់ដែលមានអសន្តិសុខស្បៀងខ្ពស់ មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់។

...

កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជួយលើកកម្ពស់ កម្រិតអាហារូបត្ថម្ភ, បង្កើនអត្រាចុះឈ្មោះចូលរៀន, ជួយឱ្យសិស្សមករៀនបានទៀងទាត់, កាត់បន្ថយ ការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ ផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print